នៅលើកំណត់ផ្លូវ ៦០ម៉ែត្រ នឹងបង្កើនកម្លាំងប៉ូលីសជាមួយនឹងការរឹតបណ្តឹងការផាកពិន័យចំពោះ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរលើសល្បឿនកំណត់
(ភ្នំពេញ)៖ នាសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យ និងសិក្សាពីស្ថានភាពផ្លូវ ៦០ម៉ែត្រដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឱ្យផ្លូវនេះកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ ។
ក្រោយត្រួតពិនិត្យក្រសួងសាធារណការនិងដឹកជញ្ជូននិងរដ្ឋបាលរាជធានីភ្នំពេញបានឯកភាពគ្នាសម្រេចបង្កើនកម្លាំងប៉ូលីសជាមួយនឹងការរឹតបណ្តឹងការផាកពិន័យចំពោះ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍និងបើកបរលើសល្បឿនកំណត់នៅលើកំណត់ផ្លូវ ៦០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និង ខណ្ឌដង្កោ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ៖ ក្នុងឱកាសនៃការចុះត្រួតពិនិត្យនៅលើដងផ្លូវ៦០ម៉ែត្រហៅផ្លូវសម្ដេចតេជោហ៊ុន សែន ខាងលើនេះ ឯកឧត្ដម ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងឯកឧត្ដនឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានឯកភាពគ្នាលើចំណុចមួយចំនួន ក្នុងនោះរួមមាន៖ នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ត្រូវបង្កើនកម្លាំងប៉ូលីសដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ និងការផាកពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់ ពោលគឺកម្លាំងត្រូវអនុវត្តការងារដោយភាពទទួលខុសត្រូវនិងតឹងរឹងជាងមុន។
ត្រូវគូសគំនូសសញ្ញាចរាចរណ៍ជាថ្មី និងដាក់ភ្លើងស្តុបថ្មីបន្ថែមទៀត ហើយក៏នឹងបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ទាំងពេលថ្ងៃ។
លោកប្រធានមន្ទីរបន្តថា ៖ ដាក់កាមេរ៉ាសុវត្ថិភាព ដាក់ផ្លាកសញ្ញាកំណត់ល្បឿន ដោយចាប់ពីភ្លើងស្តុបមែកសឺដែស ដល់ស្ពានអាកាស «មរតកតេជោ» អាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែកសឺដែស កំណត់ល្បឿន ៦០គីឡូម៉ែត្រក្នុងមួយម៉ោង ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី និង ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ក៏បានចែកមួកសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋដែលបានឆ្លើយសំណួរបានត្រឹមត្រូវ ពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ ជាមួយនឹងការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគ្រប់គោរពច្បាប់ចរាចរណ៍ដោយពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ចៀសវាងឲ្យបាននូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ