ភេខ្លួនរលោងជាសត្វកម្រ និងច្រើនរស់នៅរ៉ាមសារព្រែកទាល់
(ភ្នំពេញ)៖ ភេខ្លួនរលោង (Smooth-coated Otter) ច្រើនរស់នៅតាមតំបន់ដីវាលទំនាប ដូចជានៅតាមមាត់ពាមទន្លេ មាត់ទន្លេ ព្រៃកោងកាង ស្ទឹង បឹង និងអូរ ។
ជាទូទៅភេខ្លួនរលោងមានប្រវែងក្បាល-ដងខ្លួន ៥២-៧៦ សង់ទីម៉ែត្រ ប្រវែងកន្ទុយ ៤០-៤៥សង់ទីម៉ែត្រ និងមានទម្ងន់ពី ៧-១១ គីឡូក្រាម។ វាមានទំហំ និងពណ៌ប្រហាក់ប្រហែលទៅនឹងភេក្បាលសំប៉ែតដែរ ។ លក្ខណៈដែលខុសគ្នានោះត្រង់ថា ភេខ្លួនរលោងមានដងខ្លួនរលោងរាបស្មើ និងមានកន្ទុយសំប៉ែត។ បំពង់ក បបូរមាត់លើ ថ្ពាល់ ក និងទ្រូងមានពណ៌លឿងស្រាល ។
ក្រសួងបរិស្ថានបានឱ្យដឹងថា ៖ ភេខ្លួនរលោងគេឃើញរស់នៅតំបន់រ៉ាមសារព្រែកទាល់ (បឹងទន្លេសាប) ។ សត្វប្រភេទនេះកំពុងទទួលរងការគំរាមកំហែងលើពិភពលោក(IUCN Redlist)។
ដោយឡែកតាមឯកសារស្រាវជ្រាវបានឱ្យដឹងថា ៖ ភេខ្លូនរលោងនេះរស់នៅជាក្រុមគ្រួសារដែលមានមេបា និងកូនរបស់វាដូចប្រភេទភេដទៃទៀតដែរ។ ពួកវាតែងតែរួបរួមគ្នាជាច្រើនក្រុមក្នុងការរកចំណីដែលជាវិធីមានប្រសិទ្ធិភាពបំផុត។ មនុស្សជាញឹកញាប់តែងតែចិញ្ចឹមសត្វភេនេះ ដើម្បីឲ្យវាចាប់ត្រី។ ចំណីអាហារ ទីកន្លែងលាក់ខ្លួន និងការបន្តពូជមានលក្ខណៈស្រដៀងគ្នាទៅនឹងភេក្បាលសំប៉ែតដែរ ៕
ដោយ ៖ ម៉ាដេប៉ូ