ឆេះព្រៃអាមេរិក មនុស្សស្លាប់កើនដល់២៤នាក់

បរទេស៖ ចំនួនមនុស្សស្លាប់ ដោយសារភ្លើងឆេះព្រៃ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក បានកើនឡើងដល់ ចំនួន២៤នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យ ខណៈដែលក្រុមមន្ត្រីបានព្រមាន អំពីខ្យល់បក់ដ៏គ្រោះថ្នាក់ ដែលអាចបណ្តាលឱ្យមានការឆាបឆេះ បន្ថែមទៀត។

ភ្លើងបានបន្តឆាបឆេះទីក្រុងធំទីពីរ របស់សហរដ្ឋអាមេរិក សម្រាប់ថ្ងៃទី៦ ដោយបាននាំឲ្យសហគមន៍ទាំងមូលទៅជាកម្ទេចថ្ម ដែលឆេះអស់ ហើយមនុស្សរាប់ពាន់នាក់ គ្មានផ្ទះសម្បែង។ អ្នកស្រុកសរុប ដែលស្ថិតក្រោមការបញ្ជាជម្លៀស មានប្រមាណ១០ម៉ឺននាក់។

ក្រុមអ្នកពន្លត់អគ្គីភ័យ បានព្រមានថា ខ្យល់កន្ត្រាក់ អាចបង្កជាអណ្តាតភ្លើង និងធ្វើឱ្យមានផ្សែងហុយចេញពីតំបន់ដែលឆេះស្រាប់ រីករាលដាលចូលទៅក្នុងតំបន់ថ្មី។ ខ្យល់បក់រហូតដល់ ១១០គីឡូម៉ែត្រក្នុងមួយម៉ោង មានន័យថា ស្ថានភាពគ្រោះថ្នាក់ដ៏ខ្លាំង ហៅកាត់ថា PDS អាចនឹងត្រូវប្រកាស នៅថ្ងៃអង្គារ នេះបើតាមអ្នកឧតុនិយមសេវាកម្មអាកាសធាតុជាតិ Rose Schoenfeld។

ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ Los Angeles លោក Anthony Marrone បាននិយាយថា នាយកដ្ឋានរបស់លោកបានទទួលធនធាន រួមទាំង រថយន្តទឹកថ្មី រាប់សិបគ្រឿង និងអ្នកពន្លត់អគ្គីភ័យ មកពីទីឆ្ងាយ ហើយយកចិត្តទុកដាក់កម្រិតខ្ពស់ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងជាថ្មី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner