ការលេចធ្លាយប្រេងថ្មីត្រូវបានរកឃើញចេញពីកប៉ាល់ដឹកប្រេងរុស្ស៊ី នៅសមុទ្រខ្មៅ
បរទេស ៖ មន្ត្រីនៅទីក្រុងមូស្គូ បាននិយាយថា ប្រេង ថ្មីៗនេះ ត្រូវបានរកឃើញ ដោយគេជឿថា ចេញពីកប៉ាល់ដឹកប្រេងរបស់រុស្សី ដែលជាប់គាំង នៅក្នុងសមុទ្រខ្មៅ កាលពីពេល ថ្មីៗនេះ ខណៈដែលអ៊ុយក្រែនបានព្រមានអំពី «ផលវិបាកបរិស្ថាន ដ៏គួរឱ្យភ័យខ្លាច» ពីការកំពប់ប្រេងនេះ។
ប្រេងឥន្ធនៈធុនធ្ងន់បាននឹងកំពុងបោកបក់ លើឆ្នេររាប់រយគីឡូម៉ែត្រ តាមបណ្តោយឆ្នេរសមុទ្រ ភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី និង នៅលើឧបទ្វីបគ្រីមៀ ចាប់តាំងពីកប៉ាល់ដឹកប្រេងរុស្ស៊ី វ័យចំណាស់ពីរគ្រឿងបានជាប់គាំង អំឡុងពេលមានព្យុះ នៅច្រកសមុទ្រ Kerch កាលពីថ្ងៃទី ១៥ ខែធ្នូ ក្នុងនោះ កប៉ាល់មួយគ្រឿង ក្នុងចំណោមទាំងពីរគ្រឿង ឈ្មោះVolgoneft-212 បានលិច ខណៈមួយគ្រឿងទៀត ឈ្មោះ Volgoneft-239 បានបាក់ ជាកំណាត់។
ក្រសួងដឹកជញ្ជូនរបស់រុស្ស៊ី បាននិយាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ខណៈដែលកំពុងពិនិត្យមើលនាវា Volgoneft-239 អ្នកឯកទេសបានរកឃើញស្រទាប់ប្រេង ប្រហែល២,៨០០ម៉ែត្រការ៉េ នៅលើច្រាំង កាលពីថ្ងៃសុក្រ»។
អ៊ុយក្រែនបានថ្កោលទោសរុស្ស៊ី ចំពោះការបរាជ័យ ក្នុងការដោះស្រាយ ការធ្លាយប្រេងនេះ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Georgiy Tykhy កាលពីថ្ងៃសុក្រ បានចោទប្រកាន់រុស្ស៊ីថា «គ្មានការទទួលខុសត្រូវ ជាអន្តរជាតិ»។ លោកបានចោទថា រុស្ស៊ីលាក់បាំងផលវិបាកបរិស្ថាន ដ៏គួរឱ្យភ័យខ្លាច។
យ៉ាងណាមិញ លោក Alexander Kurenkov រដ្ឋមន្ត្រីក្រសួងស្ថានការណ៍គ្រាអាសន្នរបស់រុស្ស៊ី កាលពីថ្ងៃសុក្រ បានធ្វើទស្សនកិច្ច នៅច្រាំងទន្លេ ជុំវិញទីក្រុង Anapa ភាគខាងត្បូងរបស់ប្រទេស ជាកន្លែងដែលកិច្ចខិតខំប្រឹងប្រែងបោសសម្អាតប្រេង បាននិងកំពុងធ្វើឡើង អស់រយៈពេលមួយខែ បន្ទាប់ពីមានការធ្លាយប្រេងដ៏ធំ ដែលបណ្តាលមកពីការលិចនាវាដឹកប្រេងរុស្ស៊ី៕
ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត