អតីតនិស្សិតស្ថាបត្យកម្មរៀបចំកម្មវិធី «ជួបជុំមិត្តស្ថាបត្យកម្ម» លើកដំបូងដើម្បីពង្រឹងទំនាក់ទំនង និងចែករំលែកបទពិសោធន៍
ភ្នំពេញ៖អតីតនិស្សិតនៃមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយកម្មវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កាលពី រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ចុងសប្តាហ៍ បានរៀបចំកម្មវិធីជួបជុំមិត្តស្ថាបត្យករជំនាន់ទី១ ទី២ និងទី៣។ពិធីនេះក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនង ក៏ដូចចែករំលែកបទពិសោធន៍ និងការងារគ្នាទៅវិញទៅមកទៅលើជំនាញស្ថាបត្យកម្ម ដែលខ្លួនបានបញ្ចប់ការសិក្សានិងបានបំពេញការងារនៅក្នុងសង្គមជាតិ។
ក្នុងកម្មវិធីជួបជុំមិត្តស្ថាបត្យករជំនាន់ទី១ ទី២ និងទី៣ ឯកឧត្តម ហង្ស សុតសំភារ អតីតនិស្សិតជំនាន់ទី១ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបរិយាយថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬសាលាក្រហម បានផលិតនូវធនធានមនុស្សលើកផ្នែកស្ថាបត្យករជាច្រើន ពីមួយជំនាន់ទៅមួយជំនាន់ ។ឯកឧត្តម បន្ថែមថា ការជួបជុំមិត្តស្ថាបត្យករនេះ គឺជាការជួបជុំលើកទី១ ជាគំនិតផ្តូចផ្តើមពីស្ថាបត្យករជំនាន់ទី១ ទី២ និងទី៣ និងមានការបើកទូលាយទៅដល់ស្ថាបត្យករគ្រប់ជំនាន់ទាំងអស់ក៏អាចចូលរួមបានដែរ ក្នុងគោលបំណង ដើម្បីឱ្យបានស្គាល់គ្នា បន្ទាប់ពីបានបញ្ចប់ការសិក្សាប្រមាណជាង២០ ទៅ៣០ ឆ្នាំ ហើយក៏ជាការចងសាមគ្គីភាព បន្ទាប់ពីចេញពីសាលាទៅបម្រើការងារអភិវឌ្ឍន៍សង្គម ទាំងស្ថាប័នរដ្ឋ ឯកជន និងការបង្តើតអាជីវកម្មដោយខ្លួនឯង។
ចូលរួមក្នុងកម្មវិធីនេះដែរ លោកស្រី សូរ សុគន្ធារី អតីតនិស្សិតផ្នែកស្ថាបត្យកម្ម ជំនាន់ទី២ ក្នុងឆ្នាំសិក្សា១៩៩០ ហើយបញ្ចប់ការសិក្សានៅឆ្នាម១៩៩៧ ដែលបច្ចុប្បន្នជាអាជ្ញាធរជាតិសំបូរព្រៃគុក នៅក្នុងផ្នែករៀបចំដែនដី និងលំនៅដ្ឋានប្រជាសាស្រ្ត បានឱ្យដឹងថា ដោយមានឧបនិស្ស័យជាមួយនិងខាងផ្នែកស្ថាបត្យកម្ម បានជំរុញចិត្តលោកស្រី ដាក់ចិត្ដដាក់កាយ រៀនលើមុខជំនាញនេះបើទោះបីជាលោកគ្រូ អ្នកគ្រូជំរុញ និងលើកទឹកចិត្តឱ្យសិក្សាលើមុខជំនាញផ្សេង ។លោកស្រីបានបន្តថា លោកស្រីបានជម្នះចិត្តសិក្សារហូតទទួលបានជោគជ័យនិងបានចេញមកបម្រើការងារសង្គមជាតិផ្នែកជាអ្នកអភិរក្សជួសជុលប្រាសាទបុរាណ។
ដូចគ្នានេះដែរ លោក ស៊ីន សុជាតិ អតីតនិស្សិតស្ថាបត្យករជំនាន់ទី៣ ក្នុងឆ្នាំសិក្សា១៩៩២ និងបានបញ្ចប់ការសិក្សានៅក្នុងឆ្នាំ១៩៩៧ បច្ចុប្បន្នជាស្ថាបត្យករឯកជនម្នាក់បានលើកឡើងថា កាលពីនៅជាសិស្ស និស្សិតស្របពេលដែលប្រទេសទើបងើបពីប្រទេសក្រីក្រលំបាក ការរៀនសូត្រមានការលំបាក ប៉ុន្តែនៅពេលដែលចូលអនុវត្តនៅក្នុងសង្គមគឺត្រូវធ្វើអ្វីមួយដើម្បីភាពស្អាត ។ លោកបន្ថែមថា វិស័យស្ថាបត្យកម្មគឺបានបង្ហាញពីអរិយធម៌ប្រទេសនីមួយៗ ។ជាក់ស្តែងភស្តុតាងនៅតាមប្រាសាទនីមួយៗគឺបានបង្ហាញពីវិស័យអរិយធម៌ ដ៏រុងរឿងកាលពីជំនាន់នោះ ។ដូចគ្នានេះដែរស្ថាបត្យកម្មបានបង្ហាញពីសម័យកាលរុងរឿងនាពេលបច្ចុប្បន្ន ជាមួយនិងសម័យបច្ចេកវិទ្យាកាន់មានច្រើនហូរចូលមក ដែលបានវិវត្តន៍ទៅតាមសម័យកាលនីមួយៗ។
រីឯ ឯកឧត្តម ហង្ស សុតសំភារ អតីតនិស្សិតជំនាន់ទី១ និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអគ្គលេខាធិការគណស្ថាបត្យករកម្ពុជា និងជាគណៈវិស្វករអាស៊ានផងដែរបាន លើកឡើងបន្ថែមថា ការបណ្តុះបណ្តាលធនធានមនុស្សលើកជំនាញស្ថាបត្យករ មិនថាតែសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬសាលាដទៃទៀតនោះទេ ដែលមានការបើកបង្រៀនពីមហាវិទ្យាល័យស្ថាបត្យកម្ម នគរូបនីយកម្ម គឺបណ្តុះធនធានមនុស្ស ដែលជាកត្តសំខាន់សំរាប់អភិវឌ្ឍន៍ជាតិ ខណៈដែលបច្ចុប្បន្ន អតីតនិស្សិតដែលឆ្លងកាត់ការសិក្សា និងធ្វើការនៅក្នុងសង្គមជាតិ បានក្លាយជាថ្នាក់ដឹកនាំនៅតាមមន្ទីរក្រសួង ខេត្ត និងរាជធានី និងមួយចំនួនបានក្លាយសាស្រ្តាចារ្យ ក៏ដូចជាអ្នករកស៊ីលវិស័យអភិវឌ្ឍន៍សាងសង់សំណង់អគារ និងអចលនទ្រព្យជាដើម។
ជាមួយនឹងឱកាសនៃការជួបជុំជាមួយមិត្តអតីតសិក្សាលើផ្នែកស្ថាបត្យករ ក៏ដូចជាអ្នកដែលបានប្រឡូកទាំងវិស័យរដ្ឋ ឯកជន និងធ្វើអាជីវកម្មដោយខ្លួន ឯងបានជំរុញនិងលើកទឹកចិត្តទៅដល់អ្នកស្ថាបត្យករ អាជីព និងអ្នកជំនាន់ក្រោយ ត្រូវខិតខំធ្វើកិច្ចការងារជូនប្រទេសជាតិ ព្រោះរាល់ស្នាដៃ ក៏ដូចជាកិច្ចការងារ ដែលបានសាងសង់ រួចរាល់គឺពាក់ព័ន្ធទៅនឹងមុខមាត់សង្គម សេដ្ឋកិច្ច ជាដើម។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងដោយមានការអនុវត្តកិច្ចការងារទាំងអស់នេះ ដោយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការងារស្ថាបត្យករស្របពេលដែលប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់ភ្នែកគ្រប់វិស័យ ពិសេសវិស័យសំណង់៕
អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា