បេសកជនពិសេសលោក ត្រាំ ជួបមេដឹកនាំអ៊ីស្រាអែល ជំរុញបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំង
ហ៊្សេរុយសាឡឹម ៖ បេសកជនពិសេសប្រចាំតំបន់មជ្ឈិមបូព៌ារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump គឺលោក Steve Witkoff បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បីជំរុញឱ្យមានបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅតំបន់ ហ្កាហ្សាស្ទ្រីប។
កិច្ចពិភាក្សានេះកើតឡើងនៅពេលដែលការចរចាកំពុងដំណើរការក្នុងប្រទេសកាតា ដែលជាប្រទេសសម្រុះសម្រួល ដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមហាម៉ាសនៅហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំងដែលបានឃុំខ្លួននៅទីនោះ។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏បាននិយាយដែរថា លោក Netanyahu បានប្រាប់ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad និងមន្ត្រីផ្សេងទៀតឱ្យចាកចេញទៅកាន់ប្រទេសកាតា ដើម្បីជំរុញរឿងនេះផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់ប្រភពដែលនិយាយថា មានការរីកចម្រើនខ្លះៗនៅក្នុងការចរចានោះ។ យ៉ាងណាមិញ លោក Trump ធ្លាប់បានគំរាមហើយថា នឹងមានការខាតបង់ដ៏ធំមួយ ប្រសិនបើក្រុមហាម៉ាសមិនដោះលែងចំណាប់ខ្មាំង មុនពេលលោកចូលកាន់តំណែងប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
យោងតាមមន្ត្រីសុខាភិបាលនៅតំបន់ហ្កាហ្សា បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅទីនោះបានកើនឡើងដល់ ៤៦,៥៣៧នាក់ចាប់តាំងពីខែតុលាឆ្នាំ ២០២៣៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា