មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព មានការអភិវឌ្ឍ និងការគោរពប្រតិបត្តិជំនឿសាសនា
(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមរឹងមាំ ហើយមានសន្តិភាព ទើបមានការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងការគោរពប្រតិបត្តិជំនឿសាសនា ។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ថ្លែងបែបនេះ ក្នុងឱកាសដង្ហែរអង្គផ្កាប្រាក់ វេរប្រគេន ព្រះសង្ឃ វត្តត្រពាំងវែង ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដើម្បីប្រមូលបច្ច័យ កសាងសមិទ្ធផលនានា នៅក្នុងទីអារាមនេះ ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានរំឭក នូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត, ជាពិសេស នយោបាយឈ្នះឈ្នះ ដែលធ្វើឲ្យប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបាន សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការកសាងស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ តាំងពីបាទដៃទទេ រហូតប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានបន្តថា សមិទ្ធផលនានា ដែលកំពុងកើតមាន នាពេលនេះ ពិសេសនៅវត្តត្រពាំងវែង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ គឺសុទ្ធតែបានមកពីផ្លែផ្កានៃកត្តាសុខសន្តិភាពរបស់កម្ពុជា ។ ដូច្នេះដើម្បីការពារសុខសន្តិភាព យើងទាំងអស់គ្នា ចងចាំជានិច្ច ហើយប្តេជ្ញាចិត្តចូលរួមក្នុងការការពារសុខសន្តិភាពឲ្យបានស្ថិតស្ថេរជានិរន្ត មិនឲ្យជនណាមកបំផ្លាញបានឡើយ ។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនៅរួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់ កាលៈទេសៈ គ្រប់ការលំបាក និងចេះជួយគ្នា គ្រប់គ្រាមានអាសន្ន, ផ្ដល់ការលើកស្ទួយសិទ្ធិ សេរីភាពប្រជាពលរដ្ឋ និងយុត្តិធម៌សង្គម, ការពារកម្មសិទ្ធិស្របច្បាប់ជូនប្រជាជន ។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានប្រគេន អង្ករ,មី,ត្រីខ,ទឹកក្រូច,ទឹកបរិសុទ្ធ ,ទឹកដោះគោ , ប៊ីចេង, ទឹកត្រី, ទឹកស៊ីអ៊ីវ និងបច្ច័យផ្កាប្រាក់ ចំនួន ១០០លានរៀល រួមនឹងបច្ច័យរបស់ពុទ្ធបរិស័ទចំណុះជើងវត្ត ចំនួន ២៥លានរៀល បានវេរប្រគេនដល់ព្រះសង្ឃ វត្តត្រពាំងវែង ហើយក៏បានប្រគេនព្រះចៅអធិការវត្ត មានទេយ្យវត្ថុ ១កញ្ចប់ និងបច្ច័យ ១លានរៀល, ព្រះសង្ឃ ៣៤អង្គ ក្នុង១អង្គ ប្រគេនទេយ្យវត្ថុ ១កញ្ចប់ និងបច្ច័យ ៤០ម៉ឺនរៀល, គណៈកម្មការ-អាចារ្យវត្ត ១៧នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា ១០ម៉ឺនរៀល ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនយាយជី-តាជី ក្រុមប្រឹក្សាឃុំ-ស្រុក ប្រជាពលរដ្ឋ និងបានឧបត្ថម្ភសាលាស្រុក ២លានរៀល និង កងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀត ៕
ដោយ ៖ វណ្ណលុក