មនុស្សជាង ៣ម៉ឺននាក់គ្មានអគិ្គសនីប្រើ ខណៈព្យុះព្រិលវាយប្រហារប៉ូឡូញ

វ៉ាសូវី ៖ វិទ្យុប៉ូឡូញបានរាយការណ៍កាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ប្រជាជនប្រហែល ៣២,០០០គ្រួសារនៅទូទាំងប្រទេសប៉ូឡូញ ដែលភាគច្រើននៅក្នុងខេត្តភាគខាងជើង កំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់ ដោយសារតែវាយប្រហារពីព្យុះព្រិល។

នៅទូទាំងប្រទេសប៉ូឡូញ ក្រុមអ្នកពន្លត់អគ្គីភ័យបានឆ្លើយតបទៅនឹងឧប្បត្តិហេតុនានា ដែលទាក់ទងនឹងបញ្ហាអាកាសធាតុជិត ១,០០០ករណី ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងនោះមានដូចជាដើមឈើដួលរលំ និងបាក់បង្គោលខ្សែភ្លើងជាដើម។

យោងតាមមន្ត្រីម្នាក់មកពីមជ្ឈមណ្ឌលសន្តិសុខរដ្ឋាភិបាលប៉ូឡូញ បានរាយការណ៍ថា បុគ្គលិកសង្គ្រោះបន្ទាន់កំពុងធ្វើការយ៉ាងសកម្ម ដើម្បីស្តារថាមពលឡើងវិញ។

ប៉ុន្តែព្រិលធ្លាក់ខ្លាំងត្រូវបានព្យាករណ៍ថា នឹងបន្តមាននៅតំបន់ភាគខាងកើត, ភាគខាងត្បូង និងកណ្តាលនៃប្រទេសប៉ូឡូញ ដោយតំបន់ភ្នំត្រូវបានរំពឹងថា ព្រិលធ្លាក់នឹងកើនឡើងច្រើនបំផុត។

ភ្នំតាត្រា នៅតែស្ថិតក្រោមការព្រមានពីការធ្លាក់ព្រិលកម្រិត ២ រហូតដល់ម៉ោង ៨យប់ថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងស្រុក)។ ជាមួយគ្នានេះ ឧទ្យានជាតិតាត្រាបានដាស់តឿនអ្នកទេសចរឱ្យប្រុងប្រយ័ត្ន ដោយព្រមានអំពីស្ថានភាពគ្រោះថ្នាក់ដ៏ខ្ពស់ រួមទាំងព្រិលធ្លាក់យ៉ាងសន្ធាប់ និងការបាក់រលំផ្ទាំងទឹកកក ដោយសារខ្យល់បក់ខ្លាំង។

ទោះបីជាមានបញ្ហាប្រឈមក៏ដោយ អគ្គនាយកដ្ឋានផ្លូវជាតិ និងផ្លូវម៉ូតូប៉ូឡូញ បានធានាថា ផ្លូវជាតិទាំងអស់នៅតែអាចឆ្លងកាត់បាន។ យានយន្តបោសស្អាតព្រិលជាង ២,៣០០គ្រឿងត្រូវបានដាក់ពង្រាយពេញមួយយប់ ដើម្បីធានាការឆ្លងកាត់ប្រកបដោយសុវត្ថិភាព៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner