ពិធីក្រុងពលីបើកការសាងសង់សួន តេជោសន្តិភាព

អត្ថបទដោយ៖
ឈឹម សុផល

(ខេត្តសៀមរាប)៖ សួនតេជោសន្តិភាព ត្រូវបានធ្វើពិធីក្រុងពលីបើកការសាងសង់ នៅទីតាំងសួនច្បារមហាសណ្ឋាគារអង្គរ នាព្រឹកថ្ងៃទី ១២ ខែ មករា ឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តសៀមរាប ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានឲ្យដឹងថា ការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ សួនតេជោសន្ដិភាព ខេត្តសៀមរាប ពិតជាមានខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅអំពីគុណតម្លៃ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយបាននាំមកនូវសុខសន្តិភាព ស្ថេរភាព និងការឯកភាពជាតិពេញលេញដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ។

សួនតេជោសន្ដិភាព ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ ខេត្តសៀមរាប បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អាចទេសចរណ៍កម្សាន្ត និងសិក្សាស្វែងយល់អំពីយុទ្ធសាស្រ្ត និង គុណតម្លៃនៃការបញ្ចប់សង្រ្គាម និង នាំមកនូវសុខសន្តិភាពសម្រាប់ កម្ពុជា និង ខេត្តសៀមរាប។

មានប្រសាសន៍សំណេះសំណាលនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា កិច្ចដំណើរការសាងសង់សួនតេជោសន្តិភាព មានការរៀបចំឡើងទៅតាមគំនិតផ្ដួចផ្ដើម និងដឹកនាំផ្ទាល់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អតីតអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលបានរៀបចំអំពីដំណើរការ នៃការអនុវត្តនយោបាយឈ្នះឈ្នះ តាំងបង្ហាញជាតឹកតាងភូមិសាស្ត្រមួយចំនួន ដែលមានលក្ខណៈស៊ីគ្នាតាមភាពជាក់ស្ដែង ប្រវត្តិនៃការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ។

សម្តេច បន្តទៀតថា សួនតេជោសន្តិភាពរចនាឡើង ក្នុងសណ្ឋានទម្រង់រាងគូទខ្យង លើផ្ទៃក្រឡា២៩X២៣ម៉ែត្រ និងមានកម្ពស់៩ម៉ែត្រ៩ទឹក១ហ៊ុន១លី ។

សួនតេជោសន្តិភាពបែងចែកជា ៣ផ្នែក សំខាន់ៗ រួមមាន ផ្នែកទី១ បរិវេណខាងក្រៅ ជាសួនច្បារព័ទ្ធជុំវិញដោយរុក្ខជាតិបៃតង, ផ្នែកទី២ សណ្ឋានទម្រង់គូទខ្យង ដែលបានរៀបចំខ្លឹមសារសិលាចារឹកទៅតាមរចនាប័ទវិមានឈ្នះឈ្នះ សរុប១៨ផ្ទាំង, ផ្នែកទី៣ ស្នូលកណ្តាល ដែលជាពូលនៃសួនរៀបចំសាងសង់ឡើងជារូប ដែលបែងចែកជា ៣ថ្នាក់ ៖ ថ្នាក់ទី១មានបីជ្រុង តំណាងឲ្យការធានា ៣យ៉ាង, ថ្នាក់ទី២មានប្រាំជ្រុង តំណាងឲ្យយុទ្ធសាស្ត្រឌីហ្វីដ(DIFID), ថ្នាក់ទី៣ មាន៧ជ្រុង តំណាងឲ្យកត្តាទាំង៧ដែលនាំមកនូវជ័យជម្នះ។

សម្ដេចក៏បានលើកឡើងថា ដោយសារភាពចាំបាច់ និង តម្រូវការជាប្រវត្តិសាស្ត្រនេះ សម្ដេច តេជោ ហ៊ុន សែន ក៏បានផ្តល់ការអនុញ្ញាតកសាងស្តូបវិមានឈ្នះឈ្នះ ចំនួន៣កន្លែងទៀត ដោយយកលំនាំវិមានឈ្នះឈ្នះ ធ្វើនៅខេត្តកោះកុង ស្រុកអន្លង់វែង និងខេត្តឧត្តរមានជ័យ និងនៅខេត្តប៉ៃលិន  ដើម្បីជាតឹកតាង និងពង្រីកការផ្សព្វផ្សាយបញ្ជ្រាបទុកដាក់ និងការផ្ដល់ការរៀនសូត្រអំពីនយោបាយឈ្នះឈ្នះ អំពីប្រវត្តិសាស្ត្រ នៃដំណើរការអនុវត្តទៅតាមទិសនានា ។

សម្តេចពិជ័យសេនា បានសម្តែងនូវឧបការៈគុណ ដោយមិនអាចកាត់ថ្លៃបានចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ និង បានដឹកនាំគោលនយោបាយនេះ រហូតសម្រេចបានការបញ្ចប់សង្គ្រាម ទទួលបានសន្តិភាព និងការឯកភាពជាតិពេញលេញ ការបង្រួបបង្រួមជាតិទាំងស្រុងនៅកម្ពុជា នូវបុព្វបទ នូវការកសាងមាតុភូមិដ៏កម្សត់ ឲ្យមានឈ្មោះដ៏ឧត្ដុងឧត្ដមដូចបច្ចុប្បន្ននេះ ។

សម្តេចពិជ័យសេនា ក៏បានស្នើឲ្យឯកឧត្តមអភិបាលខេត្តសៀមរាប ក្នុងការរៀបចំសាងសង់សួនតេជោសន្តិភាព គឺត្រូវមានការចូលរួមពីគ្រប់តួអង្គទាំងអស់ អតីត ប្រតិបត្តិនយោបាយឈ្នះឈ្នះ ហើយកំពុងក្លាយជាប្រតិបត្តិករ នៃសន្តិភាព រួមចំណែកការផ្តល់នូវតឹកតាងអំណះអំណាងជាក់លាក់ពិតប្រាកដ រួមទាំងបទពិសោធ ដើម្បីក្រុមការងារសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ ចារឹកតាក់តាងតាក់តែងចងក្រងទុកសម្រាប់ជារតកសម្រាប់មនុស្សជាតិ ទាំងក្នុងនិងក្រៅប្រទេស និងបានកសាងនូវទស្សនវិស័យវិមានឈ្នះឈ្នះ ក្រោមបាវចនា នៃកតញ្ញូ និងសុខដុម ៕


                                                        ដោយ ​៖ ប៊ុន​រដ្ឋា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner