បាក់ដីសម្លាប់មនុស្ស១០នាក់ នៅប្រទេសប្រេស៊ីល

បរទេស៖ សេវាកម្មជួយសង្គ្រោះ ក្នុងរដ្ឋ Minas Gerais ប្រទេសប្រស៊ីល បាននិយាយថា ការបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅភាគអាគ្នេយ៍ប្រទេស បានបណ្តាលឱ្យមនុស្ស យ៉ាងហោចណាស់ ១០នាក់បានស្លាប់។

ការិយាល័យអភិបាលរដ្ឋ បាននិយាយថា មនុស្ស៩នាក់បានស្លាប់ នៅក្នុងទីក្រុង Ipatinga ជាកន្លែងដែលមានភ្លៀងធ្លាក់៨០មីលីម៉ែត្រ ក្នុងចន្លោះពេលត្រឹមមួយម៉ោង កាលពីយប់ថ្ងៃសៅរ៍។ ក្រុមអ្នកពន្លត់អគ្គីភ័យបានទាញសាកសពក្មេងប្រុស អាយុ៨ឆ្នាំម្នាក់ ចេញពីគំនរបាក់បែក នៃផ្ទះដែលត្រូវបានបំផ្លាញ ដោយការបាក់ដី។

ការបាក់ដីមួយទៀត បានបោកបក់បំផ្លាញ អ្វីៗគ្រប់យ៉ាង តាមដងផ្លូវ នៅម្ខាងនៃភ្នំមួយ ក្នុងសង្កាត់ Bethania នៃរដ្ឋ Minas Gerais។ គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ មនុស្សម្នាក់នៅតំបន់នោះ នៅតែបាត់ខ្លួននៅឡើយ ទោះបីជាសមាជិក ៤នាក់ នៃគ្រួសាររបស់គេ ត្រូវបានជួយសង្គ្រោះក៏ដោយ។ ប៉ុន្តែ សាកសពមនុស្សម្នាក់ ត្រូវបានគេរកឃើញ នៅក្នុងទីក្រុង Santana do Paraiso ក្បែរនោះ។

អភិបាលរដ្ឋ Minas Gerais លោក Romeu Zema បានផ្ញើសារ ជំរុញឲ្យមានសាមគ្គីភាពជាមួយជនរងគ្រោះ តាមរយៈសេចក្តីថ្លែងការណ៍មួយ បង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ប្រទេសដ៏ធំបំផុត ប្រចាំតំបន់អាមេរិកឡាទីន មួយនេះ បានជួបបញ្ហាអាកាសធាតុធ្ងន់ធ្ងរជាច្រើន ក្នុងឆ្នាំ កន្លងមក។
ទឹកជំនន់ដ៏ធំ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ជាច្រើនថ្ងៃ បានសម្លាប់មនុស្សជាង ១៨០នាក់ នៅភាគខាងត្បូងនៃប្រទេស កាលពីខែមេសា និងឧសភា។ ជាមួយគ្នានេះ ប្រទេសប្រេស៊ីលក៏បានទទួលរងនូវគ្រោះរាំងស្ងួត ជាប្រវត្តិសាស្ត្រ ដែលបានបង្កឲ្យមានភ្លើងឆេះព្រៃ ដ៏អាក្រក់បំផុត ពុំធ្លាប់មាន ក្នុងរយៈពេល១៧ឆ្នាំ ដែលបានលេបត្របាក់ព្រៃអាម៉ាហ្សូន យ៉ាងច្រើន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner