សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ អ៊ីរ៉ង់ និង កម្ពុជា នៅមានសក្តានុពលជាច្រើនទៀតដែលត្រូវពិនិត្យ សិក្សា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា
(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម អាលី អាកបា ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បាន លើកឡើងថា ប្រទេសទាំងពីរ អ៊ីរ៉ង់ និង កម្ពុជា នៅមានសក្តានុពលជាច្រើនទៀតដែល ត្រូវពិនិត្យ សិក្សា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។
កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរមិនត្រឹមតែនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដ៏សំខាន់ដល់ការកសាងសុខសន្តិភាព ការអភិវឌ្ឍប្រកបចីរភាព និងវិបុលភាពដល់មនុស្សជាតិលើភពផែនដី ពីព្រោះថា ក្នុងពេលបច្ចុប្បន្ននេះ ស្ថានការណ៍ពិភពលោកស្ថិតនៅក្នុងស្ថានភាពផុយស្រួយ ប្រែប្រួលឆាប់រហ័ស បាននិងកំពុងគំរាមកំហែងដល់សុខសន្តិភាព និងការអភិវឌ្ឈរបស់ប្រជាពលរដ្ឋនៅលើពិភពលោកទាំងមូល ។
ឯកឧត្តម អាលី អាកបា ណាហ្សារី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានា ការពារសុខសន្តិភាព និងស្ថិរភាពសង្គមជូនប្រជាពលរដ្ឋបានយ៉ាងល្អ ដែលនេះជាជោគជ័យដ៏ធំធេងធ្វើឱ្យប្រទេសជាតិទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្តែងកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤ កន្លងមកសម្រេចបាន ក្នុងរង្វង់ ៦% ដោយបានលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនជាលំដាប់។
ឯកឧត្តម ណាហ្សារី បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពកម្ពុជា-អ៊ីរ៉ង់ ឱ្យមានការរីកចម្រើនរឹងមាំបន្ថែមទៀតទាំងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ដើម្បីបម្រើផលប្រយោជន៍នៃប្រទេសនិងប្រជាជនទាំងសងខាង។ ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបជូន សម្តេចប្រធានរដ្ឋសភា អំពីបេសកកម្មសំខាន់ៗមួយចំនួនដែលឯកឧត្តមបាននិងកំពុងធ្វើជាមួយក្រសួងស្ថាប័នរបស់កម្ពុជា លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្ម័នប្រេងកាត និងវិស័យសុខាភិបាល ជាដើម ។ ឯកឧត្តមបានស្នើសុំ សម្តេចរដ្ឋសភាធិបតី បន្តគាំទ្រដល់បេសកកម្មទាំងនោះផងដែរ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមឯកអគ្គរដ្ឋទូត ដែលបានខិតខំ ប្រឹងប្រែងយ៉ាងសកម្មក្នុងការបន្ត ថែរក្សា ពូនជ្រំ លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានជាង ៣ ទសវត្សរ៍មកនេះ ទទួលបានលទ្ធផលគួរកត់សម្គាល់ និងបាននាំមកនូវផលប្រយោជន៍ជាច្រើនជូនប្រទេស និងប្រជាជនទាំងសងខាង។
សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានទទួលស្គាល់សច្ចភាពរបស់កម្ពុជា ដោយបានវាយតម្លៃយ៉ាងត្រឹមត្រូវពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានឆន្ទៈមោះមុត ក្នុងការធានាការពារសុខសន្តិភាព ស្ថិរភាពសង្គម ពិសេសការអភិវឌ្ឍប្រទេសជាតិជូនប្រជាពលរដ្ឋ បន្តវេនពីសម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គទេសក៍សន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជា។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា ប្រទេសទាំងពីរ កម្ពុជា-អ៊ីរ៉ង់មានលក្ខណៈស្រដៀងៗគ្នាច្រើនអន្លើជាពិសេស វិស័យធនធានធម្មជាតិ និងសម្បត្តិវប្បធម៌ ហើយជាប្រទេសដែលផ្តល់តម្លៃពិតដល់សុខសន្តិភាព។ ដូច្នេះចូរយើងនាំគ្នាការពារសុខសន្តិភាព ដែលមានស្រាប់កុំចាំដល់ពេលបាត់បង់ ទើបនាំគ្នាស្វែងរកនោះ វាពិតជាលំបាកខ្លាំងណាស់។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកឧត្តម អាលី អាកបា ណាហ្សារី បានយល់ស្របដូចគ្នាពីតម្លៃការទូតសភា។ ការទូតសភាកាន់តែមានសារៈសំខាន់ខ្លាំងឡើងនៅក្នុងការថែរក្សាសុខសន្តិភាពនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។
នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានការរីកចម្រើនរឹងមាំឡើងបន្ថែមទៀត ជាពិសេសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ កម្ពុជានិងអ៊ីរ៉ង់ ឱ្យកាន់តែស៊ីជម្រៅ ឯកឧត្តម អាលី អាកបា ណាហ្សារី បានពាំនាំសាររបស់ ឯកឧត្តម មូហាម៉េដ ប៉ាហ្គ័រ ហ្គាលីបាហ្វ( Mohammad Bagher Ghalibaf) ប្រធានរដ្ឋសភាអ៊ីរ៉ង់ គោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់នាពេលខាងមុខ ៕
ដោយ ហេង សម្បត្តិ+ ថេត វិចិត្រ