ឯកឧត្តម ឃួង ស្រេង ៖ គ្រឹះស្ថានសិក្សា ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងប្រទេស
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ មករា ២០២៥នេះ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ លើកឡើងថា គ្រឹះស្ថានសិក្សា ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងប្រទេស។

ឯកឧត្ដ ក៏បានស្នើឱ្យលោកគ្រូ អ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវពន្យល់សិស្សានុសិស្សឱ្យបានយល់ពីតម្លៃសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន រកបានមកដោយលំបាក ដើម្បីឱ្យពួកគាត់បានចូលរួមរក្សាសន្តិភាពនេះអោយបានគង់វង់។ ជាមួយគ្នានេះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឱ្យលោកគ្រូ អ្នកគ្រូ ចូលរូមជាមួយអាជ្ញាធរខណ្ឌទាំង១៤ ក្នុងការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ការចូលរួមចលនាប្រលងប្រណាំង ការរៀបចំសំអាត អនាម័យ បរិស្ថាននៅតាមសាលារៀនអនុវត្តឱ្យបានល្អផងដែរ ។

ពាក់ព័ន្ធបញ្ហាសំរាមក្នុងទីក្រុង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថា ៖ សាលារៀនរដ្ឋកន្លងមកធ្លាប់ជំពាក់បំណុលសំរាម សំណល់រឹង តែពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានលុបបំបាត់បំណុលនេះហើយ ។ សម្រាប់ឆ្នាំ២០២៥នេះតទៅ សាលារៀនរដ្ឋនឹងមានកញ្ចប់ថវិកាសំរាប់បង់ថ្លៃសំរាម។ គ្រឹះស្ថានសិក្សារដ្ឋ មិនមែនជាកន្លែងធ្វើអាជីវកម្ម ដូច្នេះមិនអាចរកលុយបង់ទឹក បង់សំរាមបានទេ ដែលយើងត្រូវតែរួមគ្នាជួយលើបញ្ហានេះ ។

ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ៖ នៅឆ្នាំ២០២៩ ប្រទេសកម្ពុជាយើងនឹងចាក់ចេញពីប្រទេសក្រីក្រ ហើយនៅឆ្នាំ២០៣០ កម្ពុជានឹងឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់និងនៅឆ្នាំ២០៥០នឹងក្លាយជាប្រទេសមានប្រាក់ចំណូលកំរិតខ្ពស់ឬជាប្រទេសអ្នកមាន ៕
ដោយ ៖ ហរង សម្បត្តិ+ថេត វិចិត្រ





