ចិនដាក់បញ្ចូលមនុស្សយន្តទៅក្នុងសេវាកម្មថែទាំមនុស្សចាស់
ប៉េកាំង ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកប្រជាសាស្រ្ត ប្រទេសចិនបានដាក់បញ្ចូលមនុស្សយន្តទៅក្នុងសេវាកម្មថែទាំមនុស្សចាស់ ជាមួយនឹងគោលដៅបង្កើតបណ្តាញសេវាថែទាំមនុស្សចាស់ទូទាំងប្រទេស ឱ្យទូលំទូលាយនៅឆ្នាំ ២០២៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Interesting Engineering។
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងក្រុមប្រឹក្សារដ្ឋ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានដាក់ចេញនូវគោលការណ៍ណែនាំថ្មីមួយ ដែលសង្កត់ធ្ងន់លើការអភិវឌ្ឍន៍មនុស្សយន្ត, ការផ្សារភ្ជាប់ខួរក្បាលមនុស្ស និងកុំព្យូទ័រ ព្រមទាំងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការថែទាំមនុស្សចាស់។
ស្ថិតក្រោមគោលការណ៍ណែនាំទាំងនេះ ប្រទេសចិនមានគោលបំណងបង្កើតបណ្តាញសេវាថែទាំមនុស្សចាស់ទូទាំងប្រទេសដ៏ទូលំទូលាយមួយនៅឆ្នាំ ២០២៩។ ហើយនៅឆ្នាំ ២០៣៥ ចិនរំពឹងថា នឹងផ្តល់ឱ្យមនុស្សចាស់ទាំងអស់នូវលទ្ធភាពទទួលបានសេវាមូលដ្ឋាន តាមរយៈប្រព័ន្ធថែទាំដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ និងដោះស្រាយតម្រូវការនៃប្រជាជនវ័យចំណាស់ដែលកំពុងកើនឡើង។
គិតត្រឹមចុងឆ្នាំ ២០២៣ ប្រទេសចិនមានប្រជាពលរដ្ឋជាង ២១៦.៧៦លាននាក់ មានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ដែលស្មើនឹង ១៥.៤ភាគរយនៃចំនួនប្រជាជនសរុប។ ជាការឆ្លើយតប រដ្ឋាភិបាលចិនមិនត្រឹមតែរួមបញ្ចូលមនុស្សយន្ត ជាមួយនឹងសមត្ថភាពអន្តរកម្មកម្រិតខ្ពស់ទៅក្នុងវិស័យថែទាំប៉ុណ្ណោះទេ ចិនក៏កំពុងអភិវឌ្ឍប្រព័ន្ធផ្ទះឆ្លាតវៃផងដែរ ដើម្បីបង្កើនសុវត្ថិភាព និងសុខាមាលភាពសម្រាប់មនុស្សចាស់៕
ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា