រុស្ស៊ី-វៀតណាមចុះកិច្ចព្រមព្រៀងថាមពលនុយក្លេអ៊ែរ
ហាណូយ៖ រុស្ស៊ី និងវៀតណាមបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីថាមពលនុយក្លេអ៊ែរ កាលពីថ្ងៃអង្គារ ក្នុងអំឡុងដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin នៅវៀតណាម។
វៀតណាមចង់ចាប់ផ្តើមផែនការថាមពលនុយក្លេអ៊ែរឡើងវិញ ដើម្បីបំពេញតម្រូវការថាមពល ដែលកំពុងពង្រីក យ៉ាងឆាប់រហ័សរបស់ខ្លួន ហើយសង្ឃឹមថា រុស្ស៊ីអាចជួយបាន។ មិនមានព័ត៌មានលម្អិត អំពីកិច្ចព្រមព្រៀងនេះ ភ្លាមៗនោះទេ ប៉ុន្តែ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វៀតណាម បាននិយាយថា លោក Alexey Likhachiov អគ្គនាយក ក្រុមហ៊ុននុយក្លេអ៊ែរយក្ស Rosatom របស់រុស្ស៊ី “ចាប់អារម្មណ៍យ៉ាងខ្លាំង” ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយវៀតណាម លើគម្រោងថាមពលនុយក្លេអ៊ែរ នៅ Ninh Thuan។
គម្រោង ដែលពាក់ព័ន្ធនឹងរោងចក្រចំនួនពីរនៅខេត្ត Ninh Thuan ភាគកណ្តាល ដែលមានសមត្ថភាពផលិតថាមពលសរុប ៤,០០០ មេហ្គាវ៉ាត់ ត្រូវបានបង្កើតឡើង ដំបូងបំផុត ដោយមានជំនួយពីក្រុមហ៊ុន Rosatom និងក្រុមហ៊ុនជប៉ុន JINED ប៉ុន្តែ ផែនការនេះ ត្រូវបានលុបចោលវិញ នៅឆ្នាំ២០១៦។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ទើបចុះហត្ថលេខាថ្មីនេះ គឺស្ថិតក្នុងចំណោម ៧កិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខា លើវិស័យជាច្រើន រួមទាំង បច្ចេកវិទ្យាឌីជីថល និង អេឡិចត្រូនិក ផងដែរ។
ប្រទេសទាំងពីរ គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធ តាំងពីសម័យសង្គ្រាមត្រជាក់។
លោក Mishustin បានជួបសមភាគីវៀតណាម លោក Chinh និង លោក Lam អគ្គលេខាធិការ បក្សកុម្មុយនិស្ត និងជាមេដឹកនាំកំពូល របស់វៀតណាម កាលពីថ្ងៃអង្គារ។
រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ របស់វៀតណាម អស់ជាច្រើនទសវត្សរ៍មកហើយ ដែលស្មើនឹងជាង ៨០ភាគរយ នៃការនាំចូល រវាងឆ្នាំ ១៩៩៥ និង ២០២៣ ប៉ុន្តែ ការបញ្ជាទិញបានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ដោយសារទណ្ឌកម្មអន្តរជាតិ ទាក់ទងនឹងជម្លោះអ៊ុយក្រែន កាន់តែខ្លាំងក្លា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត