ភ្លើងឆេះព្រៃនៅ Los Angeles ប្រឈមគ្រោះថ្នាក់ថ្មី ខណៈខ្យល់បក់បោកខ្លាំង
បរទេស ៖ ការព្យាករណ៍ខ្យល់បក់ខ្លាំង បានគំរាមកំហែង ទីក្រុង Los Angeles ប្រឈមនឹងភ្លើងឆេះព្រៃ ដ៏ខ្លាំងក្លា ជាថ្មី បន្ទាប់ពីសោកនាដកម្មនេះ បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ២៤នាក់ និងបានបំផ្លាញទីក្រុងរបស់អាមេរិក មួយនេះ យ៉ាងធ្ងន់ធ្ងរ។
បន្ទាប់ពីមួយសប្តាហ៍ ដែលអណ្តាតភ្លើងបានរាលដាល ទប់ស្កាត់មិនបាន អ្នកព្យាករណ៍បានបារម្ភថា «គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ» មួយទៀត បណ្តាលមកពីខ្យល់បក់បោកខ្លាំង ផ្តើមនៅថ្ងៃពុធនេះ នឹងបង្កើនការគំរាមកំហែងភ្លើងឆេះព្រៃ ម្តងទៀត។
សេវាកម្មអាកាសធាតុជាតិបានព្រមាន ឲ្យប្រុងប្រយ័ត្នចំពោះបរិស្ថាននៅជុំវិញប្រជាពលរដ្ឋ ហើយ ត្រៀមខ្លួនដើម្បីជម្លៀសចេញ បន្ថែមទៀត។
មួយផ្នែកធំ នៃរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង ស្ថិតនៅក្រោមការព្រមានកម្រិតក្រហម ដែលបង្ហាញថា ភាពស្ងួតខ្លាំង និងខ្យល់បក់បោកខ្លាំង ក្នុងល្បឿន រហូតដល់ ១១០ គីឡូម៉ែត្រ ក្នុងមួយម៉ោង នឹងធ្វើឱ្យភ្លើងឆេះ កាន់តែធ្ងន់ធ្ងរ។
អ្នកឧតុនិយម បានប្រាប់ AFP ថា «រុក្ខជាតិ និងបន្លែទាំងអស់ ស្ងួតអស់ហើយ ដូច្នេះ… ភ្លើងអាចនឹងកើនឡើង យ៉ាងឆាប់រហ័ស»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត