បណ្ណាល័យមេគង្គ-ឡានឆាង រួមចំណែករឹតចំណងមិត្តភាពប្រជាជន និងប្រជាជន កម្ពុជា-ចិន
ព្រៃវែង៖លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញបំពេញទស្សនកិច្ចជាលើកទី២ទៅកាន់បណ្ណាល័យមេគង្គ-ឡានឆាង (ទី១) ដែលមានទីតាំងនៅសាលាបឋមសិក្សាព្រហារ នៃភូមិទ័ពស្តេច ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
ក្នុងដំណើរទស្សនកិច្ចកាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា បានបង្ហាញពីគោលបំណងសំខាន់ចំនួន៤។ក្នុងនេះ ១.បង្កើនមិត្តភាពរវាងប្រជាជននិងប្រជាជនទាំងពីរ កម្ពុជានិងចិន ,ទី២.ពាំនាំនូវការនឹករលឹកពីមជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ព និងចែកផ្សាយសៀវភៅទៅកាន់បរទេស និង មូលនិធិសប្បុរសធម៌សុខភាពសាធារណៈប៉េកាំង ដែលជាម្ចាស់ជំនួយក្នុងការកែលម្អបណ្ណាល័យនេះដល់សាលាបឋមសិក្សាព្រហារ ,ទី៣.ចូលរួមលើកកម្ពស់អំណានរបស់សិស្សានុសិស្ស និងមហាជនទូទៅតាមរយៈការផ្តល់បន្ថែមនូវបរិមាណសៀវភៅអាន និងទី៤.ពិនិត្យឡើងវិញពីលទ្ធភាពជួយបន្ថែមទៀតដល់ការអភិវឌ្ឍពុទ្ធិរបស់សិស្សានុសិស្សដូចជាការផ្តល់កាតាប និងសម្ភារៈកីឡា។
ទាក់ទងនឹងបណ្ណាល័យជនបទមួយនេះ លោក បឿក ធាង នាយកសាលាបឋមសិក្សាព្រហារ បានបញ្ជាក់ថា បន្ថែមពីលើសិស្សដែលមានភារកិច្ចត្រូវចូលអានសៀវភៅតាមការចាត់តាំងរបស់គ្រូបន្ទុកថ្នាក់ ក៏មានមហាជនជាពិសេសអាណាព្យាបាលដែលជូនកូនរបស់ខ្លួនមកសាលារៀនប្រមាណជាង១០០នាក់ជារៀងរាល់ថ្ងៃឱ្យចូលមកអានសៀវភៅក្នុងបណ្ណាល័យនេះ។
ចំណែកមេឃុំច្រេស បានធ្វើការកត់សម្គាល់ថា ចាប់តាំងពីមានបណ្ណាល័យមេគង្គ-ឡានឆាង កុមារក្នុងឃុំច្រេសកាន់តែច្រើនបានក្លាយជាអ្នកអាន ហើយការសិក្សារបស់សិស្សកាន់តែល្អប្រសើរ រហូតទទួលបានការវាយតម្លៃខ្ពស់ពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែងពីការសិក្សាល្អរបស់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាព្រហារថែមទៀត។
ឆ្លើយតបនឹងកំណើនការអានលោកជំទាវបណ្ឌិតសភាចារ្យបានបន្ថែមសៀវភៅសិក្សាចំនួន៣០០ក្បាលទៀតដល់បណ្ណាល័យ។បរិមាណសៀវភៅនេះ អាចអនុញ្ញាតឱ្យសិស្សអាចខ្ចីយកទៅអានបន្ថែមទៀតនៅផ្ទះ។
ចំណែកលោក Liu Wenzhi តំណាងមូលនិធិPeace land ប្រចាំកម្ពុជាបានសាទរពីចំណងមិត្តភាពរវាងប្រជាជនកម្ពុជានិងចិនតាម រយៈការបង្កើតបណ្ណាល័យមេគង្គឡានឆាងចំនួន២កន្លែងនៅក្នុងប្រទេសកម្ពុជាដែលជាជំនួយរបស់មជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេស និង មូលនិធិសប្បុរសធម៌សុខភាពសាធារណៈប៉េកាំង តាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ៕
ដោយ ៖ង៉ាន់ ទិត្យ







