ប្រទេសថៃប្រឈមមុខនឹងការលុបចោលជើងហោះហើរដ៏ធំពីប្រទេសចិន

បរទេស ៖ ដោយបារម្ភពីសុវត្ថិភាព ក្រោយកើតមានរឿងចាប់ពង្រត់តារាសម្តែងចិនម្នាក់ ការលុបចោលសំបុត្រយន្តហោះពីប្រទេសចិន ទៅកាន់ប្រទេសថៃ កាលពីចុងសប្តាហ៍មុន បានកើនឡើង១៥៥% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន នេះបើតាមក្រុមហ៊ុនវិភាគការធ្វើដំណើរមានមូលដ្ឋាន នៅអេស្ប៉ាញ ForwardKeys។

បើតាមកាសែត VNexpress ចេញផ្សាយ កាលពីថ្ងៃពុធ ក្រុមហ៊ុន
ForwardKeys បានឲ្យដឹងថា ការលុបចោលជើងហោះហើរយ៉ាងគំហុគនេះ ក៏បានជំរុញឲ្យមានការលុបចោលការកត់សណ្ឋាគារ យ៉ាងច្រើន ផងដែរ។ លោក Nuntaporn Komonsittivate ប្រធានផ្នែកប្រតិបត្តិការពាណិជ្ជកម្ម នៅក្រុមហ៊ុន Thai Lion Air បានបញ្ជាក់ពីការលុបចោលមួយចំនួនធំ ពីក្រុមទេសចរណ៍ចិន ដូចដែលបានរាយការណ៍ ដោយកាសែតបាងកកប៉ុស្តិ៍។ រីឯ លោកស្រី Thanet Supornsahasrungsi ប្រធានសមាគមទេសចរណ៍ក្នុងខេត្តឈុនបុរី បាននិយាយថា ខេត្តដែលស្ថិតនៅភាគអាគ្នេយ៍ នៃទីក្រុងបាងកកមួយនេះ មានការលុបចោលការកក់សេវាកម្ម ពីភ្ញៀវទេសចរចិន ប្រហែល ៤០%។

ប្រភពបញ្ជាក់ថា ការលុបចោលនេះ គឺផ្តើមចេញពីការបាត់ខ្លួន លោក Wang Xing កាលពីដើមខែមករា នៅទីក្រុង Mae Sot ជាប់ព្រំដែន ប្រទេស មីយ៉ាន់ម៉ា។ លោក Wang បានធ្វើដំណើរទៅប្រទេសថៃ ដើម្បីថតកុន ប៉ុន្តែ ត្រូវបានពង្រត់ឱ្យឆ្លងកាត់ព្រំដែនចូល ទៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយត្រូវបានបង្ខិតបង្ខំ ឱ្យរៀនបច្ចេកទេសបោកប្រាស់។ យ៉ាងណាមិញ អាជ្ញាធរថៃ និងមីយ៉ាន់ម៉ា បានជួយសង្គ្រោះលោកវិញ កាលពីសប្តាហ៍មុន។

ឧបទ្ទវហេតុនេះកើតឡើង ចំពេលដែលប្រទេសថៃ ដាក់ផែនការស្រូបទាញភ្ញៀវទេសចរចិន យ៉ាងហោចណាស់ ៨លាននាក់ នៅឆ្នាំ២០២៥ កើនឡើងពី ចំនួនជាង៦.៧លាននាក់ ក្នុងឆ្នាំ ២០២៤។

ជាការឆ្លើយតប អន្ទងចិត្តទេសចរចិនវិញ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានបញ្ជាឱ្យក្រសួងទេសចរណ៍ ចាប់ផ្តើមយុទ្ធនាការស្តារទំនុកចិត្ត រួមមានទាំង ការណែនាំដល់ប៉ូលិស ពង្រឹងការល្បាត នៅក្នុងតំបន់ ដែលមានហានិភ័យខ្ពស់ បង្រ្កាបក្រុមឧក្រិដ្ឋជន និងដាក់ពង្រាយប៉ូលីសទេសចរណ៍ បន្ថែមទៀត ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរ នេះបើតាម VNexpress ដដែល៕

ប្រភពពី VNexpress ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner