របាយការណ៍ពិសេស ៖ Trump នឹងត្រូវបានកាត់ទោស ប្រសិនបើលោកមិនជាប់ឆ្នោត
បរទេស៖ អនាគតប្រធានាធិបតីអាមេរិក លោក Donald Trump នឹងត្រូវដល់ពេលកាត់ទោស ក្នុងសំណុំរឿងបន្លំការបោះឆ្នោត ឆ្នាំ២០២០ ប្រសិនបើលោកមិនជាប់ឆ្នោត ក្នុងឆ្នាំ២០២៤ទេ នេះបើតាមរបាយការណ៍ របស់ទីប្រឹក្សាពិសេសនៃរដ្ឋាភិបាលអាមេរិក លោក Jack Smith ដែលបានចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីថ្ងៃអង្គារ។
ផ្អែកតាមរបាយការណ៍ មានភស្តុតាងរឹងមាំគ្រប់គ្រាន់ ក្នុងការកាត់ទោស លោក Trump បើលោកមិនត្រូវបានបោះឆ្នោតឲ្យធ្វើជាប្រធានាធិបតីទេនោះ។ លោក Trump គ្រោងនឹងត្រឡប់ទៅគ្រប់គ្រងសេតវិមានវិញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ លោក Smith ជាទីប្រឹក្សាពិសេស ដែលត្រូវបានតែងតាំងឱ្យស៊ើបអង្កេត Trump បានចាត់ទុកជាសំណុំរឿងនេះ ជាករណីព្រហ្មទណ្ឌសហព័ន្ធ ប្រឆាំងនឹងមេដឹកនាំ ទើបជាប់ឆ្នោត រូបនេះ។
យ៉ាងណាមិញ ភ្លាមៗ បន្ទាប់ពីការចេញផ្សាយរបាយការណ៍នេះ លោក Trump បានវាយបក ទៅលោក Smith វិញ តាមរយៈវេទិកាសង្គម Truth Social ដោយអះអាងថា Smith ជាមនុស្ស «វង្វេងស្មារតី» ព្រោះចង់កាត់ទោសចៅហ្វាយនាយខ្លួនឯង ដែលលោកចង់សំដៅលើការត្រៀមខ្លួន ធ្វើជាប្រធានាធិបតីអាមេរិក។
គួរកត់សម្គាល់ថា លោកទីប្រឹក្សា Jack Smith បានលាឈប់ពីមុខតំណែងរដ្ឋអាជ្ញា នៃក្រសួងយុត្តិធម៌អាមេរិក កាលពីសប្តាហ៍មុន ប៉ុន្តែ លោកបានបញ្ជូនរបាយការណ៍ចុងក្រោយនេះ ក្នុងនាមជាទីប្រឹក្សាពិសេស របស់រដ្ឋាភិបាល៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
