ឆ្នាំ ២០២៤ BMW កាក់កបខ្លាំង លក់ឡានថាមពលថ្មី (NEV) អស់ ៤០ម៉ឺនគ្រឿងនៅចិន
ប៉េកាំង ៖ ក្រុមហ៊ុនផលិតឡានខ្នាតយក្សរបស់ប្រទេសអាល្លឺម៉ង់ BMW បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា គិតត្រឹមឆ្នាំ ២០២៤ ខ្លួនបានចែកចាយឡានថាមពលថ្មី (NEV) ជាង ៤០០,០០០គ្រឿងនៅក្នុងទីផ្សារប្រទេសចិន។
នៅក្នុងឆ្នាំដដែលនេះ ក្រុមហ៊ុន BMW បានលក់ឡានម៉ូដែល BMW និង MINI ជាង ៧១៤,០០០គ្រឿងនៅក្នុងទីផ្សារប្រទេសចិន ក្នុងនោះការលក់ឡានអគ្គិសនីកើនឡើន ៧.៧ភាគរយ ដែលស្មើនឹង ១៥ភាគរយនៃការលក់សរុប។ ដើម្បីទាញយកផលប្រយោជន៍ដ៏ច្រើននៅក្នុងទីផ្សារប្រទេសចិន BMW បានបន្តបញ្ចេញឡានម៉ូដែលថ្មីៗ ដើម្បីឆ្លើយតបនឹងតម្រូវការអតិថិជននៅចិន។
តួយ៉ាង កាលពីសប្តាហ៍មុន ក្រុមហ៊ុន BMW បានប្រកាសថា ឡានម៉ូដែលថ្មី BMW X3 បានចូលផលិតកម្មទ្រង់ទ្រាយធំជាផ្លូវការនៅឯរោងចក្រផលិតរបស់ខ្លួននៅទីក្រុង Shenyang ខេត្ត Liaoning ភាគឦសានប្រទេសចិន។ ឡាននេះ គ្រោងនឹងចេញលក់ជាផ្លូវការនៅខែកុម្ភៈឆ្នាំនេះ។
ថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន BMW លោក អូលីវើ ហ្ស៊ីបស៍ បានពណ៌នាប្រទេសចិនថា ជាទីផ្សារឡានពិភពលោកដ៏ធំបំផុតរបស់ខ្លួន ហើយមានសារៈសំខាន់បំផុត និងជាមជ្ឈមណ្ឌលឈានមុខគេសម្រាប់បច្ចេកវិទ្យា និងការច្នៃប្រឌិត៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា