កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារជាលើកដំបូង
ភ្នំពេញ៖ក្រសួងបរិស្ថាននៃប្រទេសកម្ពុជា និងអង្គការយូនីសេហ្វប្រចាំកម្ពុជាបានរួមគ្នាប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសម្រាប់កម្ពុជា (CCRI) ជាលើកដំបូងកាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។
ពាក់ព័ន្ធនឹងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសម្រាប់កម្ពុជាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា “ព័ត៌មានសន្ទស្សន៍ហានិ ភ័យអាកាសធាតុសម្រាប់កុមារ មានសារៈសំខាន់ក្នុងការផ្តល់ជាផែនទីបង្ហាញផ្លូវបន្ថែមទៀតសម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការកំណត់សកម្មភាពអាទិភាពគិតគូរ ដល់សុខមាលភាព និងកិច្ចការពារកុមារដែលងាយរងគ្រោះបំផុត ដោយធានាថាការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងយុទ្ធសាស្ត្របន្សំនឹងការប្រែប្រួលអាកាសធាតុ គឺត្រូវបានបញ្ចូល និងផ្តោតលើតម្រូវការរបស់កុមារ និងយុវជន”។
ចំណែកលោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំប្រទេសកម្ពុជាបានសាទរនិងចាត់ទុកការ ប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារមួយ ដែលលើសពីរបាយការណ៍។ លោកថា សន្ទស្សន៍ហានិភ័យអាកាសធាតុលើ កុមារសម្រាប់កម្ពុជា គឺជាឧបករណ៍ដ៏មានអានុភាពមួយដើម្បីសកម្មភាពរួម ផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំ សហគមន៍ និងជាពិសេស យុវជន និងកុមារ ក្នុងការចាត់វិធានការជាក់ស្តែងដើម្បីកាត់បន្ថយ និងដោះស្រាយ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
លោកបន្តថា យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារសកល ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលកុមារប្រឈមនឹងហានិភ័យខ្ពស់បំផុតទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
សូមជម្រាបថា ស្របជាមួយការដាក់ប្រើប្រាស់ជាផ្លូវការនូវ ឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសម្រាប់កម្ពុជាក៏ការចុះហត្ថលេខាលើសេចក្តីប្រកាសរបស់យូនីសេហ្វស្តីពីកុមារ យុវជន និងសកម្មភាពអាកាសធាតុកម្ពុជា ។សេចក្តីប្រកាសនេះបង្ហាញថា យុវជនកម្ពុជាបានដើរតួនាទីជាអ្នកដឹកនាំក្នុងតំបន់អាស៊ាន លើគោលនយោបាយអាកាសធាតុដែលផ្តោតលើកុមារ៕
អត្ថបទ៖ម៉ាដេប៉ូ
រូបភាព៖រិន រចនា