ការប្រកួតសរសេរតាមអានថ្នាក់ជាតិ «សំណេរអង្គរ» លើកទី២នៅមុខប្រាសាទអង្គរ នៅថ្ងៃអាទិត្យខាងមុខ
សៀមរាប៖មនុស្សចំនួន ១ ២២០នាក់ នឹងចូលរួមប្រកួតប្រជែងសរសេរតាមអានក្នុងព្រឹត្តិការណ៍ «សំណេរអង្គរ»លើកទី២ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ចុងសប្តាហ៍នេះ ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅវេលាម៉ោង៧ព្រឹក នៅលើស្ពានហាលខាងលិចប្រាសាទអង្គរ ដែលលទ្ធផលនឹងប្រកាសនារសៀលថ្ងៃដដែលនោះតែម្ដង។
«សំណេរអង្គរ» គឺជាវេទិកានៃការប្រកួតសរសេរតាមអានថ្នាក់ជាតិ ដែលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០២៣ ដើម្បីផ្សារភ្ជាប់គុណតម្លៃនៃរមណីយដ្ឋានអង្គរ ទៅនឹងសំណេរ និងការលើកកម្ពស់អក្សរសាស្រ្តខ្មែរ ហើយនៅឆ្នាំ២០២៥នេះ គឺជាឆ្នាំទី២ នៃការរៀបចំព្រឹត្តិការណ៍នេះ។ ការបង្កើតវេទិកានេះ គឺដោយមានការសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប។ ការរៀបចំវេទិការនេះ គឺនៅបន្ទាប់ពីកម្រិតនៃយល់ដឹងលើការសរសេរអក្សរសាស្ត្រខ្មែរ របស់ប្រជាពលរដ្ឋខ្មែរបច្ចុប្នន្ន ត្រូវគេមើលឃើញថា ទាំងអក្ខរាវិរុទ្ធ និងទាំងវេយ្យាករណ៍ ហាក់ដូចជាមានការធ្លាក់ចុះគួរឱ្យបារម្ភ ។
សំណេរអង្គរ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កម្រិតអក្សរសាស្ត្រខ្មែររបស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសយុវជនដែលជាសិស្ស និស្សិត ក្នុងយុគសម័យឌីជីថល ឱ្យចេះស្រឡាញ់ និងថែរក្សាអក្សរសាស្ត្រជាតិខ្មែរ ។
លោក លឹម ប៊ុនហុក គណៈកម្មការរៀបចំកម្មវិធីសំណេរអង្គរ បានឱ្យដឹងថា ការប្រកួតសរសេរតាមអានជាសាធារណៈថ្នាក់ជាតិ «សំណេរអង្គរ» លើកទី២ នេះ មានលក្ខណៈពិសេសជាងឆ្នាំមុន ដោយសារបេក្ខជនចូលរួមប្រកួត គឺរួមមានទាំងជាតិ និងមកពីក្រៅប្រទេស រួមទាំងព្រះសង្ឃផងដែរសរុបចំនួន ១ ២២០ អង្គនិងនាក់ ។ក្នុងនោះព្រះសង្ឃចំនួន ៨២អង្គ មកពី ២២រាជធានី-ខេត្ត ហើយបេក្ខជនមានវ័យចំណាស់ជាងគេមានអាយុ ៨២ឆ្នាំ និងវ័យក្មេងជាងគេមានអាយុ ៦ឆ្នាំ។
នៅឆ្នាំទី២នេះ បេក្ខជនជ័យលាភីសំណេរអង្គរ នឹងមានចំនួន ៦នាក់ ដែល៣នាក់ជាបេក្ខជនអាយុក្រោម ១៨ឆ្នាំ និង៣នាក់ទៀត ជាបេក្ខជនមានអាយុ ១៩ឆ្នាំឡើង ។ ម្ចាស់ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ៥លានរៀល, លេខ២ ៣លានរៀល និងលេខ៣ ២លានរៀល ។ប្រាក់រង្វាន់នេះ សម្រាប់ក្រុមបេក្ខជនទាំង ២ក្រុម គឺបេក្ខជនអាយុ១៨ឆ្នាំចុះក្រោម និងបេក្ខជនអាយុ១៩ឆ្នាំឡើង ។
លោក លឹម ប៊ុនហុក បានបញ្ជាក់ទៀតថា ក្រៅពីម្ចាស់ជ័យលាភីទាំង៦នាក់នោះ ក៏នឹងមានជ័យលាភីអក្សរស្អាត និងជ័យលាភីអមផ្សេងៗទៀតផងដែរ ៕
អត្ថបទ៖ គង់ សុផុល
រូបភាព៖ ឯកសារ