អូស្ត្រាលីចាយជាង ២៦លានដុល្លារចាប់ផ្តើមយុទ្ធសាស្ត្រជាតិគាំពារអ្នកជំងឺអូទីស្សឹម

កង់បេរ៉ា ៖ រដ្ឋាភិបាលអូស្ត្រាលីបានដាក់ចេញនូវយុទ្ធសាស្ត្រជាតិលើកដំបូង ដើម្បីកែលម្អជីវិតរបស់មនុស្សដែលកើតជំងឺអូទីស្សឹម។

រដ្ឋមន្ត្រីក្រសួងសេវាសង្គមអូស្ត្រាលី លោកស្រី Amanda Rishworth កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហាញយុទ្ធសាស្ត្រជាតិអូទីស្សឹមលើកដំបូង ដោយសន្យាថា នឹងធ្វើឱ្យប្រសើរឡើងនូវការដាក់បញ្ចូលការគាំទ្រ និងគាំពារជីវិតប្រជាជនអូស្ត្រាលីដែលមានជំងឺអូទីស្សឹមទាំងអស់។

ផែនការដែលគ្រោងចំណាយថវិកា ២៦.១លានដុល្លារ រួមមានការប្តេជ្ញាចិត្តចំនួន២២ ទៅលើវិស័យកំណែទម្រង់សំខាន់ៗចំនួន៤។ ក្នុងចំណោមមូលនិធិនេះ ទឹកប្រាក់ជាង ១២លានដុល្លារនឹងត្រូវចំណាយក្នុងរយៈពេល ៤ឆ្នាំ ទៅលើកម្មវិធីផ្តល់ជំនួយពីមិត្តភ័ក្តិ ដែលនឹងផ្តល់ចំណេះដឹងបទពិសោធន៍រស់នៅ, ការយល់ចិត្ត និងដំបូន្មានតាមវប្បធម៌ដល់មនុស្សដែលមានជំងឺអូទីស្សឹម។

រីឯទឹកប្រាក់ជាង ៧.៥លានដុល្លារទៀត នឹងផ្តល់មូលនិធិដល់ស្ថាប័នថ្មីមួយដែលនឹងធ្វើការងារស្រាវជ្រាវទាក់ទងនឹងជំងឺអូទីស្សឹម, ការណែនាំសម្រាប់អ្នកផ្តល់សេវា និងអ្នកបង្កើតគោលនយោបាយ។

ហើយរដ្ឋាភិបាលអូស្រ្តាលីក៏នឹងចំណាយប្រាក់ជាង ១.៧លានដុល្លារទៀតដល់មូលនិធិជំរុញការសិក្សាមួយ ដើម្បីស្វែងរកអត្រាប្រេវ៉ាឡង់ពិតប្រាកដនៃជំងឺអូទីស្សឹមនៅក្នុងប្រទេសអូស្ត្រាលី។

យោងតាមនាយកដ្ឋានសេវាសង្គមអូស្រ្តាលី បានឱ្យដឹងថា មានប្រជាជនអូស្ត្រាលីប្រមាណ ២៩០,០០០នាក់កើតជំងឺអូទីស្សឹម ខណៈដែលតួលេខនេះពិតប្រាកដទំនងជាខ្ពស់ជាងនេះ។ ជនជាតិអូស្ត្រាលីដែលមានជំងឺអូទីស្សឹមមានអត្រាគ្មានការងារច្រើនជាង ៦ដង បើធៀបនឹងប្រជាជនទូទៅ ហើយច្រើនជាង ២ទៅ៣ដងទំនងជាស្លាប់មុនអាយុ បើធៀបនឹងប្រជាជនធម្មតា៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner