ផ្ទុះភ្នំភ្លើងឥណ្ឌូនេស៊ី មនុស្សរាប់ពាន់នាក់ត្រូវជម្លៀស
បរទេស ៖ ក្រុមមន្ត្រីឥណ្ឌូនេស៊ីបាននិយាយ កាលពីថ្ងៃពុធថា ប្រជាជនរស់នៅកោះ រាប់ពាន់នាក់ ត្រូវជម្លៀសចេញ បន្ទាប់ពីភ្នំភ្លើង Ibu ក្នុងតំបន់ដាច់ស្រយាល Halmahera បានផ្ទុះឡើង ដោយបានបញ្ចេញផ្សែង និងផេះ ចូលទៅក្នុងបរិយាកាស។
ទីភ្នាក់ងារភូគព្ភសាស្ត្រ បង្កើនស្ថានភាពប្រកាសអាសន្ន ចំពោះភ្នំភ្លើងនេះ ដល់កម្រិតខ្ពស់បំផុត។ ភ្នំភ្លើង Ibu បានបង្ហាញពីការផ្ទុះ កើនឡើង គួរឱ្យកត់សម្គាល់ ចាប់តាំងពីខែមិថុនា ឆ្នាំមុន បន្ទាប់ពីមានការរញ្ជួយដី ជាបន្តបន្ទាប់។ ជាក់ស្តែង ក្នុងសប្តាហ៍ដំបូង នៃខែមករានេះ ភ្នំភ្លើងនេះ ផ្ទុះឡើង ចំនួនបួនដង។
អ្នកស្រុកដែលរស់នៅក្បែរភ្នំ Ibu និងអ្នកទេសចរ ត្រូវបានគេណែនាំ អោយនៅឆ្ងាយពីតំបន់ហាមឃាត់ ចន្លោះពី ៥ ទៅ ៦គីឡូម៉ែត្រ ពីភ្នំភ្លើង និងត្រូវពាក់ម៉ាស់មុខ ការពារពីផេះ ដែលបានធ្លាក់ចុះមក។
ឥណ្ឌូណេស៊ី ដែលជាប្រទេសប្រជុំកោះដ៏ធំ មួយនេះ ជួបប្រទះនឹងការរញ្ជួយដី និង ភ្នំភ្លើងផ្ទុះ ញឹកញាប់ ដោយសារតែស្ថិតនៅតាមបណ្តោយ ខ្សែក្រវាត់ភ្លើង ប៉ាស៊ីហ្វិក។ កាលពីខែវិច្ឆិកា ឆ្នាំមុន ភ្នំភ្លើង Lewotobi Laki-Laki ដែលជាភ្នំភ្លើងភ្លោះ កម្ពស់ ជាង១,៧០០ម៉ែត្រ នៅលើកោះទេសចរណ៍ Flores បានផ្ទុះឡើង ច្រើនជាង១០ដង ក្នុងមួយសប្តាហ៍ ដោយបានសម្លាប់មនុស្ស៩នាក់។ រីឯ ភ្នំភ្លើង Ruang ក្នុងខេត្ត Sulawesi ខាងជើងបានផ្ទុះ កាលពីឆ្នាំមុន ដោយបង្ខំមនុស្សរាប់ពាន់នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែង៕




ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត