ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី នាំយកថវិកា ៤០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកជួយសង្គ្រោះកុមារកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននាំយកថវិកាចំនួន ៤០,៧០០,០០០រៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានមកពីការរៀបចំកម្មវិធី «រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរធម៌» នៅខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។ ថវិកានេះមានការចូលរួមរបស់ ឯកឧត្តម ជិត ប៉ុណ្ណារ៉ា និងភរិយា ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជនដទៃទៀតផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសម្តែងនូវការគោរព និងកោតសរសើរចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់ លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងជាបិតាសង្គ្រោះកុមារកម្ពុជា ក៏ដូចជាលោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ថ្នាក់ដឹកនាំ និងបុគ្គលិក មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលតែងតែខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ក្នុងការមើលថែទាំកុមារ ដែលមកទទួលការពិនិត្យព្យាបាល និងសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផានេះ ពីគ្រប់មជ្ឈដ្ឋាន ដោយគ្មានការរើសអើង។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនក្នុងកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌, ឯកឧត្តម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសមាគមអភិវឌ្ឍន៍សង្គមខ្មែរ ដែលបានចូលរួមជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការរួមចំណែកជួយការទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាឱ្យបន្តបេសកកម្មជួយសង្គ្រោះកុមារកម្ពុជា។

សូមរម្លឹកផងដែរថា នេះគឺជាលើកទី៤ដែល ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានកៀរគរថវិកាពីសប្បុរសជន ដើម្បីចូលរួមចំណែកជួយមន្ទីរពេទ្យគន្ធបុប្ផាក្នុងការបំពេញ បេសសកម្មជួយកុមារកម្ពុជា ក៏ដូចជាដើម្បីលើកកម្ពស់សិទ្ធិទទួលបានការថែទាំសុខភាពរបស់កុមារ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការបន្តចូលរួមរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយនឹងមន្ទីរពេទ្យគន្ធបុប្ផាក្នុងការជួយសង្គ្រោះកុមារកម្ពុជាជាបន្តបន្ទាប់ទៀតនាពេលខាងមុខនេះ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner