សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ឱ្យ កម្ពុជា និងអ៊ីរ៉ង់ លើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ គាំទ្រឱ្យប្រទេសទាំងពីរ លើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមរយៈការជំរុញស្នូល ទៅលើការបង្កើតគណៈកម្មការ ចម្រុះសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលនឹងក្លាយជាយន្តការផ្លាស់ប្តូរ ការពិភាក្សាគ្នាទៅលើវិស័យទាំងនេះ ក៏ដូចជា វិស័យដទៃទៀត ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម អាលី អាកបារ ណាហ្សារី ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការទទួលជួបប្រធានស្ថានតំណាង ពុំមាននិវេសនដ្ឋាន នៅកម្ពុជា គឺស្ថិតនៅក្នុងក្របខ័ណ្ឌ នៃអាទិភាពការទូតសភា ដែលសម្តេច បានកំណត់ ហើយដែលជួយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារការទូត ។
ឯកឧត្តម Ali Akbar Nazari បានស្ងប់ស្ងែង និងវាយតម្លៃខ្ពស់ចំពោះតួនាទី សម្តេចតេជោ ដែលបានបូជា លះបង់យ៉ាងធំធេង ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ន។ សមិទ្ធផលដ៏ច្រើនលើសលុបសម្រេចបានទាំងនេះ ធ្វើឱ្យសម្តេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»។
ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានបន្ថែមថា តាំងពីប្រទេសទាំងពីរ ភ្ជាប់ចំណងការទូតមក ទំនាក់ទំនងរវាងកម្ពុជា-អ៊ីរ៉ង់ គឺជាទំនាក់ទំនងមិត្តភាព និងស្ថាបនា។ ប្រទេសទាំងពីរ ក៏បានខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនានា ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងថាមពល បច្ចេកវិទ្យា ក៏ដូចជាកិច្ចខិតខំជំរុញការបង្កើតគណៈកម្មការចម្រុះសេដ្ឋកិច្ច-ពាណិជ្ជកម្ម ។
ដើម្បីពង្រឹងសន្ទុះទំនាក់ទំនង រវាងប្រទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានស្នើជំរុញឱ្យមានការផ្លាស់ប្តូរ ទស្សនកិច្ចរវាងប្រទេសទាំងពីរឱ្យបានញឹកញ៉ាប់ និងក្នុងន័យនេះ បានពាំនាំនូវការអញ្ជើញរបស់ ប្រធានសភាអ៊ីរ៉ង់ គោរពអញ្ជើញ សម្តេចតេជោ បំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ តាមពេលវេលាសមស្រប។
ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក៏បានបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីអ៊ីរ៉ង់ ក្នុងការគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យសុខភាពសាធារណៈ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេវិទ្យា វិស្វកម្ម ឧស្សាហកម្ម និងវិស័យដទៃទៀត ដូចជាទេសចរណ៍ជាដើម។
ជាការឆ្លើយតប សម្តេចតេជោ បានជម្រាប ឯកឧត្តមឯកអគ្គរដ្ឋទូត អំពីការផ្ទេរអំណាចជូនថ្នាក់ដឹកនាំបន្តវេន ដែលជាការប្តូរនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង និងបានសម្តែងនូវភាពជឿជាក់ចំពោះសមត្ថភាពរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី ក្នុងកិច្ចខិតខំលើកកម្ពស់ការអភិវឌ្ឍជូនជាតិមាតុភូមិឱ្យកាន់តែខ្ពស់ថែមទៀត។ សម្តេចតេជោ បានកោតសរសើរអំពីសមត្ថភាពខ្ពស់របស់អ៊ីរ៉ង់ នៅក្នុងវិស័យបច្ចេកវិទ្យា និងថាមពល។ សម្តេចតេជោ បានបន្តថា អ៊ីរ៉ង់ គឺជាប្រទេសមួយដែលអាចគាំទ្រកម្ពុជាពង្រឹងសន្តិសុខថាមពលរបស់ខ្លួន។
សម្តេចតេជោ ក៏បានរំលឹកអំពីការអញ្ជើញចូលរួម របស់សម្តេចនៅក្នុងកិច្ចប្រជុំកំពូលនៃចលនាមិនចូលបក្សសម្ព័ន្ធ នៅទីក្រុងតេអេរ៉ង់ កាលពីឆ្នាំ២០១២ និងបានសង្កេតឃើញនូវសក្តានុពលដ៏ធំធេងរបស់អ៊ីរ៉ង់។ នៅក្នុងបរិបទនេះ សម្តេចតេជោ បានផ្តល់ អនុសាសន៍គាំទ្រឱ្យប្រទេសទាំងពីរលើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមរយៈការជំរុញស្នូល ទៅលើការបង្កើតគណៈកម្មការចម្រុះសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលនឹងក្លាយជាយន្តការផ្លាស់ប្តូរ ការពិភាក្សាគ្នាទៅលើវិស័យទាំងនេះ ក៏ដូចជាវិស័យដទៃទៀត។ ស្តែងចេញពីយន្តការនេះ ភាគីទាំងពីរអាចចាប់ផ្តើមជំរុញការរៀបចំកិច្ចព្រមព្រៀងស្តីពីការពារវិនិយោគរវាងប្រទេសទាំងពីរ ។
សម្តេចតេជោ បានលើកឡើង ជាអនុសាសន៍ឱ្យអ៊ីរ៉ង់ផ្តោតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ដោយងាកសម្លឹងមកទិសខាងកើត តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ប្រទេសនានានៅក្នុងតំបន់ និងក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរសេដ្ឋកិច្ចតំបន់ ដូចជាអាស៊ិប (RCEP) ជាដើម។
សម្តេចតេជោ ក៏បានបញ្ជាក់អំពីគោលជំហរ របស់កម្ពុជា ពាក់ព័ន្ធនឹងការវិវឌ្ឍស្ថានភាពនៅក្នុងតំបន់ ដូចជានៅតំបន់មជ្ឈិមបូព៌ា និងក្នុងស្មារតីនេះ បានស្នើឱ្យជំរុញយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ចំពោះបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាប្រយោជន៍រួម នៃប្រទេសទាំងពីរ។
សម្តេចតេជោ ក៏បានចូលរួមសោកស្តាយ និងរំលែកទុក្ខចំពោះការបាត់បង់អាយុជីវិតរបស់ ឯកឧត្តម Ebrahim Raisi ប្រធានាធិបតី នៅក្នុងគ្រោះថ្នាក់ ធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែឧសភា ឆ្នាំ២០២៤ និងជាមួយគ្នានេះ តាមរយៈ ឯកឧត្តម Ali Akbar Nazari ផ្តាំផ្ញើការសួរសុខទុក្ខជូន ចំពោះថ្នាក់ដឹកនាំកំពូលអ៊ីរ៉ង់ ឯកឧត្តម អាយ៉ាតូឡា Ali Hoseini KHAMENEI និងឯកឧត្តមប្រធានាធិបតី Masoud Pezeshkian ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ