លោក សួន សេរីរដ្ឋា៖ ៦ចំណុច បូក១ ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា
លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានលើកឡើង ៦ចំណុច បូក១ ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្របក្សប្រឆាំងនៅថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។
លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ៦ចំណុច បូក១ ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា មានដូចជា៖
១-លិម គិមយ៉ា មិនមែនជាបុគ្គលអ្នកនយោបាយល្បី ដែលលេចធ្លោ ឬជាឆ្អឹងទទឹងជាប់បំពងករបស់គណបក្សកាន់អំណាច ដែលធ្វើឱ្យមានឧបសគ្គនយោបាយអ្វីនោះទេ
២-លិម គិមយ៉ា គឺជាសត្រូវមនោគមវិជ្ជានយោបាយរបស់ សម រង្ស៊ី តាំងពី លិម គិមយ៉ា នៅជាបុគ្គលិកស្ថាប័នហិរញ្ញវត្ថុបារាំង មុនចូលប្រឡូកនយោបាយក្នុងប្រទេសខ្មែរម្ល៉េះ
៣-ឃាតករ ដែលធ្វើសកម្មភាពរួច បែជារត់ចូលដីខ្មែរ (?) មិនចេញទៅឡាវ ភូមា ឬម៉ាឡេស៊ី ! នេះជាគម្រោងរៀបចំជាមុន ដើម្បីទម្លាក់កំហុសលើមេដឹកនាំកម្ពុជា… ពីព្រោះថា គ្មាននណាល្ងង់ដែល ជួលមនុស្សឱ្យធ្វើរឿងឧក្រិដ្ឋហើយ ប្រាប់ឱ្យរត់មកចូលក្នុងផ្ទះខ្លួនឯងទេ
៤-កម្ពុជា មិនបានបណ្តោយឱ្យឃាតករ រត់ឬលាក់ខ្លួនក្នុងដីខ្លួនទេ ! ចាប់ខ្លួនហើយរៀបចំបញ្ជូនឱ្យភាគីថៃភ្លាមៗ ដើម្បីម្ចាស់ការសាកសួរនិងស៊ើបអង្កេត
៥- ភ្លាមៗ សម រង្ស៊ី និងក្រុមបក្ខពួក ព្រមទាំងវិទ្យុដែលគាំទ្រ សម រង្ស៊ី នៅក្រៅប្រទេស ខំផលិតមាតិកា ជាប្រព័ន្ធធ្វើការផ្សាយស្រោចចោទប្រកាន់មកលើមេដឹកនាំកម្ពុជា ទាំងខាងនគបាលថៃ មិនទាន់ចេញសេចក្តីសន្និដ្ឋានណាមួយនៅឡើយ… គឺចេតនាបង្កើតព័ត៌មានប្រតិដ្ឋឱ្យប្រឆាំងលុបលើលទ្ធផលស៊ើបអង្កេតរបស់នគរបាលថៃ នៅពេលខាងមុខ
៦-មកដល់ពេលនេះ បុគ្គល២រូប ដែលតុលាការថៃបានចេញដីកាចាប់ខ្លួន គឺម្នាក់ជាអតីតៈជំនិត ជាអង្គរក្ស ជាមេចលនារបស់ សម រង្ស៊ី និងជាអ្នករកស៊ីលុយកាក់រកចំណេញជាមួយមេដឹកនាំនិងអតីតៈតំណាងរាស្ត្រសង្គ្រោះជាតិ (ខាង សម រង្ស៊ី) រាប់ទសវត្សមកហើយក្នុងទឹកដីថៃ… និងម្នាក់ទៀតមានការនិយាយលើកថា ជាប្អូន របស់មេគណបក្សនយោបាយ មួយផ្សេងទេ… និង,
១- ដោយឡែកនៅថ្ងៃនេះ នគរបាលព្រហ្មទណ្ឌថៃ បានចេញមកបង្ហាញលទ្ធផលនៃការស៊ើបអង្កេតនៅចំពោះមុខអ្នកសារព័ត៌មានថា «ឃាតកម្មសម្លាប់លោក លិម គិមយ៉ា គឺជាគំនុំជម្លោះរកស៊ីផ្ទាល់ខ្លួន មិនជាប់ពាក់ព័ន្ធនិងនយោបាយកម្រិតប្រទេសទេ» នគរបាលព្រហ្មទណ្ឌថៃក៏បានបញ្ជាក់ច្បាស់ថា ៖ ប៉ូលីសធ្វើការ មិនព្យាយាមផ្គាប់ចិត្តអ្នកណាម្នាក់ឡើយ…។
លោកបន្តថា សន្និដ្ឋានតាមរយៈការឆ្លុះបញ្ចាំង ៦ចំណុចខាងលើ និងបូក ១ ជាការប្រកាសពីខាងនគរបាលព្រហ្មទណ្ឌថៃនេះ គឺបង្ហាញថាឃាតកម្មលើលោក លិម គិមយ៉ា មិនមានជួបពាក់ព័ន្ធជាមួយ មេដឹកនាំកម្ពុជាទេ ! ផ្ទុយទៅវិញ កម្ពុជានិងមេដឹកនាំកម្ពុជា គឺជាក្រុមភាគីរងគ្រោះ ដែលត្រូវបាន សម រង្ស៊ី និងបក្ខពួកប្រព្រឹត្តិហើយយកអំពើដែលពួកគេប្រព្រឹត្តនោះមកជះទម្លាក់កំហុសលើយ៉ាងអយុត្តិធម៌ និងធ្វើជំនួញនយោបាយដើម្បីមហិច្ឆតានយោបាយអាក្រក់របស់ក្រុមខ្លួន។
លោក សួន សេរីរដ្ឋា បន្តទៀតថា យុត្តិធម៌និងភាពស្អាតស្អំរបស់មេដឹកនាំកម្ពុជា ដែលប្រកាន់ជំហរសន្តិភាពនិយម សាមគ្គីរួមរួមជាតិនិយម និងជំហរនយោបាយអន្តរជាតិគឺ ឯករាជ្យផ្អែកលើច្បាប់ ! នោះនឹងបង្ហាញឆាប់ៗតាមរយៈការស៊ើបអង្កេតដោយឯករាជ្យរបស់ នគរបាលព្រហ្មទណ្ឌនិងព្រះរាជអាជ្ញាថៃ ដែលជាម្ចាស់ទីតាំងនៃអំពើរឃាតកម្ម៕
ដោយ៖ពលជ័យ