គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសម៉ាឡេស៊ី អញ្ជើញមកដល់កម្ពុជា
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយ ឯកឧត្តមបណ្ឌិត តាន់ស្រី ជាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato’ (Dr.) Johari bin Abdul) ប្រធានរដ្ឋសភា និងលោកជំទាវ បានអញ្ជើញមកដល់កម្ពុជាប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៥ ។
អញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមមាន ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងឯកឧត្តម ប៉ាសុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ម៉ាឡេស៊ី ។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសម៉ាឡេស៊ីគ្រោងជួបប្រជុំទ្វារភាគីជាមួយ សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយអ្នកឧកញ៉ាបណ្ឌិត អូស្មាន់ ហាសាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា និងអញ្ជើញទស្សនាព្រះបរមរាជវាំង និងសារមន្ទីរជាតិផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ