Huawei បញ្ចេញស្ថានីយសាកថ្មឡានអគ្គិសនីស្វ័យប្រវត្តិប្រើដៃមនុស្សយន្ត
ប៉េកាំង ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានបញ្ចេញរូបភាព និងវីដេអូបង្ហាញពីស្ថានីយសាកថ្មឡានអគ្គិសនីស្វ័យប្រវិត្តប្រើប្រាស់ដៃមនុស្សយន្ត មានឈ្មោះថា Huawei robotic EV Changer ដែលអាចសាកឡានអគ្គិសនីដោយមិនចាំបាច់អ្នកបើកបរចុះពីឡាន។
នៅក្នុងឃ្លីបវីដេអូនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិនមួយនេះ ក៏បានបញ្ចេញឡានអគ្គិសនីដ៏ប្រណីតម៉ូដែល Maextro S800 ជាប្រភេទឡានបើកបរដោយខ្លួនឯងទៅកាន់ទីតាំងស្ថានីយសាកថ្ម។ នៅពេលដំណើរការមុខងារ Unmanned robotic arm fuction ដៃមនុស្សយន្តនឹងចាប់ផ្តើមសម្គាល់មុខងារ រួចដោតបញ្ចូលថ្ម និងដកចេញដោយស្វ័យប្រវត្តិនៅពេលសាកថ្មពេញ។
ស្ថានីយសាកថ្មស្វ័យប្រវត្តិ Huawei robotic EV Changer ដែលត្រូវបានបំពាក់នៅលើឆ្នាំងសាកដ៏ទំនើប មានកម្លាំង ៦០០គីឡូវ៉ាត់នេះ អាចផ្តល់ថាមពលបាន ១០០គីឡូវ៉ាត់ម៉ោងក្នុងរយៈពេល ១០នាទី ហើយ Huawei គ្រោងនឹងចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងត្រីមាសទី២ ឆ្នាំ ២០២៥។
ទោះបីជាក្រុមហ៊ុន Huawei មិនបានផ្តល់ព័ត៌មានលម្អិតផ្លូវការ ប៉ុន្តែផ្អែកតាមការចេញផ្សាយដោយសារព័ត៌មាន CarNewsChina ស្ថានីយសាកថ្មស្វ័យប្រវត្តិនេះ នឹងអាចប្រើប្រាស់បានជាមួយសមាជិក Huawei Superchargin Alliance ទាំងអស់ រួមទាំងឡានរបស់ក្រុមហ៊ុន BYD, Xpeng, Li Auto, Aito, JAC និង Great Wall។
ក្រុមហ៊ុន Huawei បានបង្កើតសម្ព័ន្ធភាព Supercharging នៅក្នុងខែមេសា ឆ្នាំ ២០២៤ ជាមួយនឹងក្រុមហ៊ុនផលិតឡានអគ្គិសនីចំនួន ១១ក្រុមហ៊ុននៅក្នុងប្រទេសចិន។ គោលដៅរបស់ Huawei គឺបង្កើតស្ថានីយសាកថ្ម Superchargers ដល់ទៅ ១០០,០០០កន្លែងទូទាំងប្រទេសចិន គិតត្រឹមឆ្នាំ ២០២៤៕
ប្រភព ៖ Car News China ប្រែសម្រួល ៖ ឈឹម ទីណា