ស៊ុយអែតចាយ ១ពាន់លានដុល្លារសង់រោងចក្រស្តុកសំណល់វិទ្យុសកម្មបានដល់ ១០ម៉ឺនឆ្នាំ
ស្តុកខុល ៖ ប្រទេសស៊ុយអែតនាពេលថ្មីៗនេះ បានចាប់ផ្តើមសាងសង់រោងចក្រស្តុកទុកឥន្ធនៈនុយក្លេអ៊ែរចម្រាញ់រួចធំទីពីរនៅលើពិភពលោក ដោយកាកសំណល់វិទ្យុសកម្មនឹងត្រូវរក្សាទុកបានរហូតដល់ ១០០,០០០ឆ្នាំ។
ប្រទេសស៊ុយអែត ត្រូវបានរំពឹងថា នឹងចំណាយលុយជាង ១ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រ Forsmark នេះ។ រោងចក្រ Forsmark មានទីតាំងស្ថិតចម្ងាយប្រហែល ១៥០គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានីស្តុកខុល របស់ប្រទេសស៊ុយអែត។ វានឹងក្លាយជាកន្លែងចុងក្រោយ សម្រាប់ផ្ទុកកាកសំណល់វិទ្យុសកម្មប្រមាណ ១២,០០០តោន។
ក្រុមហ៊ុនគ្រប់គ្រងឥន្ធនៈនុយក្លេអ៊ែរ និងកាកសំណល់ (SKB) របស់ស៊ុយអែត បានឱ្យដឹងថា រោងចក្រនេះ នឹងទទួលយកកាកសំណល់វិទ្យុសកម្មដំបូងនៅចុងទសវត្សរ៍ឆ្នាំ ២០៣០ ប៉ុន្តែវានៅពុំទាន់អាចដំណើរការបានពេញលេញទេ រហូតទល់តែឆ្នាំ ២០៨០ ជាពេលដែលត្រូវចាក់បំពេញផ្លូវរូងក្រោមដី។
ផ្អែកតាមការវយតម្លៃរបស់សមាគមនុយក្លេអែរពិភពលោក បានឱ្យដឹងថា មានឥន្ធនៈនុយក្លេអ៊ែរប្រមាណ ៣០០,០០០តោន ត្រូវបានប្រើប្រាស់ទូទាំងពិភពលោក និងត្រូវការបញ្ចេញចោល។ ភាគច្រើនវាត្រូវបានរក្សាទុកក្នុងស្រះទឹកត្រជាក់ក្បែរម៉ាស៊ីនរ៉េអាក់ទ័រដែលផលិតវា។
បន្ថែមលើឥន្ធនៈដែលចម្រាញ់រួច ប្រទេសមួយចំនួននៅអឺរ៉ុប និងជុំវិញពិភពលោក ក៏គ្រោងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មី ដើម្បីបង្វែរការផលិតថាមពលអគ្គិសនីចេញឆ្ងាយពីឥន្ធនៈហ្វូស៊ីលផងដែរ៕
ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា