មុខជំនួញជាង ១ម៉ឺនទីតាំងក្ស័យធននៅជប៉ុន ជារឿងមិនធ្លាប់មានក្នុងពេល ១១ឆ្នាំ
តូក្យូ ៖ យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន Tokyo Shoko Research បានឱ្យដឹងនាពេលថ្មីៗនេះថា ក្នុងឆ្នាំ ២០២៤ ចំនួនមុខជំនួញប្រកាសក្ស័យធននៅជប៉ុន បានកើនឡើងលើសពី ១០,០០០ទីតាំងជាលើកដំបូង ក្នុងរយៈពេល ១១ឆ្នាំ ដោយសារតែអាជីវកម្មទាំងនោះ ប្រឈមនឹងកង្វះកម្លាំងពលកម្ម និងតម្លៃទំនិញនាំចូលកើនឡើងព្រោះប្រាក់យ៉េនធ្លាក់ចុះខ្លាំង។
ក្រុមហ៊ុនស្រាវជ្រាវឥណទានមួយនេះ បានគូសបញ្ជាក់ថា មូលហេតុដែលមុខជំនួញទាំងនោះក្ស័យធន គឺដោយសារសហគ្រាសធុនតូច និងមធ្យម ភាគច្រើនបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ព្រោះតែវិធានការពន្យារពន្ធពិសេសដែលត្រូវបានណែនាំក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាត COVID-19 ដែលបណ្តាលឱ្យពួកគេមានបន្ទុកហិរញ្ញវត្ថុខ្លាំង។
ចំនួនអាជីវកម្មក្ស័យធនក្នុងឆ្នាំ ២០២៤ ដែលមានរហូតដល់ ១០,០០៦ទីតាំងនេះ បង្ហាញពីតួលេខកើនឡើងប្រមាណ ១៥.១ភាគរយ បើធៀបនឹងឆ្នាំមុន ហើយចំនួននេះជាការកើនឡើងចំនួនបីឆ្នាំជាប់ៗគ្នា។ ក្នុងនោះ សហគ្រាសធុនតូច និងមធ្យមចំនួន ១០.០០៤សហគ្រាស។ បំណុលសរុបមានជាង ១៥ពាន់លានដុល្លារ ធ្លាក់ចុះ ២.៤ភាគរយ បើធៀបនឹងឆ្នាំ ២០២៣៕
ប្រភព ៖ Japan Today ប្រែសម្រួល ៖ ឈឹម ទីណា