អ្នកបើកបរយន្តហោះអាមេរិកស្រវឹងស្រា ពន្យាពេលហោះហើរ
បរទេស៖ អ្នកបើកយន្តហោះម្នាក់របស់ក្រុមហ៊ុនកអាកាសចរណ៍អាមេរិក Southwest Airlines ត្រូវបានចាប់ខ្លួន ពីបទស្រវឹងស្រា នាំឲ្យមានការពន្យារពេល ហោះហើរ ៤ម៉ោង។
កាសែត VNexpress បានចុះផ្សាយ នៅថ្ងៃសុក្រនេះថា បន្ទាប់ពីធុំក្លិនគ្រឿងស្រវឹង Pilot ឈ្មោះ David Allsop អាយុ៥២ឆ្នាំ ជាជនជាតិអាមេរិក ត្រូវបាននាំខ្លួន ចេញពីកាប៊ីនយន្ដហោះ ហើយត្រូវបានចាប់ខ្លួន ដោយសារស្រវឹង មុនពេលមានជើងហោះហើរ លេខ 3772 ចាកចេញពីរដ្ឋ Georgia ទៅកាន់ទីក្រុង Chicago សហរដ្ឋអាមេរិក បណ្តាលឱ្យមានការពន្យារពេល ៤ម៉ោង។
ហេតុការណ៍នេះបានកើតឡើង នៅឯអាកាសយានដ្ឋានអន្តរជាតិ Savannah/Hilton Head នៅម៉ោងប្រហែល ៧ ព្រឹកថ្ងៃពុធ សប្តាហ៍នេះ នេះបើយោងតាមការិយាល័យតម្រួតតំបន់ Chatham ចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន CNN ។
ប្រភពបានឲ្យដឹងថា លោក Allsop កំពុងប្រឈមមុខនឹងការចោទប្រកាន់ ពីបទបើកបរយន្តហោះ ក្រោមឥទ្ធិពលនៃជាតិអាល់កុល ភ្លាមៗ។ យ៉ាងណាមិញ ក្រុមមន្ត្រីមិនបានបង្ហាញពីកម្រិតជាតិអាល់កុល នោះទេ។ កំណត់ត្រាក្នុងពន្ធនាគារបង្ហាញថា បន្ទាប់ពីបង់ប្រាក់ធានាក្រៅឃុំ ៣,៥០០ដុល្លារអាមេរិក លោក Allsop ត្រូវបានដោះលែង ឱ្យមានសេរីភាព៕
ប្រភពពី VNExpress ប្រែសម្រួល៖ សារ៉ាត