ឯកឧត្តម ចាយ បូរិន ៖ កិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាព និង ការអភិវឌ្ឍជានិរន្តរ៍ ក្នុងបណ្តាប្រទេសតាមដងទន្លេមេគង្គ”
(ភ្នំពេញ)៖ ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ថា គម្រោង“កិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាពនិងការអភិវឌ្ឍជានិរន្តរ៍ ក្នុងបណ្តាប្រទេសតាមដងទន្លេមេគង្គ” បានចូលរួមចំណែករឹតចំណងមិត្តភាពប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង តាមរយៈជំនឿសាសនា។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានលើកឡើងបែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយបញ្ចប់គម្រោង កិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរា៍ ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង នាសាលចតុមុខ រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តម រដ្ឋមន្រ្តី បន្តថា គម្រោង “កិច្ចសន្ទនាអន្ដរជំនឿ ដើម្បីសន្ដិភាព និងការអភិវឌ្ឍ ជានិរន្ដរ៍ ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង” មានគោលបំណងចែករំលែកបទពិសោធន៍ ក៏ដូចជាបង្កើតវេទិការសន្ទនាស្តីពីអន្តរជំនឿសាសនា និងអន្តរវប្បធម៌ ក្នុងចំណោមសាសនានានា ជាពិសេសព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រីស្ទសាសនា ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍជានិរន្តរ៍ តាមរយៈការសិក្សាស្រាវជ្រាវ និងការរៀបចំសិក្ខាសាលាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមជំនួយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្ដិការមេគង្គ-ឡានឆាង ដែលជាជំនួយដ៏ថ្លៃថ្លាពីសាធារណរដ្ឋប្រជាមានិត ចិន ។

ឯកឧត្តម រដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ដល់មូលនិធិពិសេសនៃកិច្ចសហប្រតិបត្ដិការមេគង្គ-ឡានឆាង ចំពោះការផ្ដល់ថវិកាសម្រាប់អនុវត្តគម្រោងនេះ និងលេខាធិការដ្ឋានគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការសម្របសម្រួលលើដំណើរការអនុវត្តគម្រោងតាំងពីដើមរៀងមក និងសង្ឃឹមថា មូលនិធិពិសេសនៃកិច្ចសហប្រតិបត្ដិការមេគង្គ-ឡានឆាង និងលេខាធិការ ដ្ឋានគម្រោងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆា ង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងពិចារណាទៅលើសំណើគម្រោងពីក្រសួងធម្មការនិងសាសនា ដែលបានដាក់ស្នើក្នុងរយៈពេលកន្លងមក ដើម្បីក្រសួងបានពង្រឹងពង្រីកសកម្មភាពការងាររបស់ខ្លួន ក្នុងការរក្សាបានសុខដុមនីយកម្មសាសនានិងសន្តិភាព ជាពិសេសចូលរួមអនុវត្តឱ្យសម្រេចបានជោគជ័យយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក Chen Cong ( ឈិន កុង) អគ្គទីប្រឹក្សាអមស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន បានមានប្រសាសន៍ «មិត្តភាពរវាងចិននិងកម្ពុជាចាក់ឫសយ៉ាងជ្រៅ ខណៈការផ្លាស់ប្តូរនៃប្រជាជននិងប្រជាជន បានដំណើរការរហូតមក មិនដែលអាក់ខាន ហើយគម្រោងកិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរា៍ ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង ពិតជាមានសារៈសំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការកាន់តែសម្បូរបែប ដល់មិត្តភាពដែកថែបចិននិងកម្ពុជា ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ



