Gaza ត្រូវការ១០ពាន់លានដុល្លារ ​ស្តារប្រព័ន្ធសុខាភិបាល​

បរទេស ៖ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានប្រកាសឲ្យដឹងថា ទំហំទឹកប្រាក់ យ៉ាងហោចណាស់ ១០ពាន់លានដុល្លារ ត្រូវការជាចាំបាច់ ទើបអាចកសាងប្រព័ន្ធសុខាភិបាល នៅក្នុងតំបន់ Gaza ឡើងវិញបាន។

លោក Rik Peeperkorn តំណាងរបស់អង្គការសុខភាពពិភពលោក ប្រចាំនៅទឹកដីប៉ាឡេស្ទីន បានឲ្យដឹងថា យោងតាមការវាយតម្លៃរបស់អង្គការសុខភាពពិភពលោក ត្រូវចំណាយទឹកប្រាក់ យ៉ាងហោចណាស់ ១០ពាន់លានដុល្លារ ទើបអាចកសាងឡើងវិញ នូវប្រព័ន្ធសុខាភិបាល ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយសារសង្គ្រាមនៅតំបន់ហ្គាហ្សា អំឡុងរយៈពេលចន្លោះ ពី៥ ទៅ ៧ឆ្នាំ ខាងមុខ។

លោក Rik Peeperkorn បាននិយាយថា «តម្រូវការនេះ គឺធំធេងណាស់»។ លោកបានបន្ថែមថា «ការផ្តោតអារម្មណ៍ ក្នុងរយៈពេលខាងមុខនេះ គួរផ្តោតខ្លាំង លើជំនួយមនុស្សធម៌ ក៏ដូចជា ប្រព័ន្ធសុខភាព ផងដែរ»។

ទន្ទឹមនឹងនោះ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា «តិចជាងពាក់កណ្តាលនៃមន្ទីរពេទ្យសរុប ក្នុងតំបន់ Gaza ប៉ុណ្ណោះ នៅអាចដំណើរការបាន»។

ជាមួយគ្នានេះ លោក Tedros បានសាទរ ចំពោះសេចក្តីប្រកាស កាលពីថ្ងៃពុធ ពីក្រុមអ្នកសម្រុះសម្រួលដែលថា នៅទីបំផុត អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់បទឈប់បាញ់ ដោយលោកចាត់ទុកថា «ជាព័ត៌មានដ៏ល្អបំផុត»។

ជាមួយនឹងបទឈប់បាញ់ លេចចេញ ជារូបរាង ខាងមនុស្សធម៌កំពុងអំពាវនាវឱ្យមានការកើនឡើងយ៉ាងខ្លាំង ក្នុងការនាំយកជំនួយ ចូលទៅកាន់តំបន់ហ្គាហ្សា ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយសារសង្រ្គាម រវាងអ៊ីស្រាអែល និងពួកហាម៉ាស់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner