អង់គ្លេស-អ៊ុយក្រែនឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការយោធា ១០០ឆ្នាំ
បរទេស៖ មេដឹកនាំរបស់ចក្រភពអង់គ្លេស និងអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការយោធា «សម្គាល់១០០ឆ្នាំ» ដែលជាការសន្យាពង្រឹងទំនាក់ទំនងការពារជាតិ រវាងប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer ទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន។
លោក Keir Starmer បានប្រាប់អ្នកយកព័ត៌មាន នៅទីនោះថា «យើងរួមគ្នា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដ៏សំខាន់មួយ ដែលជាប្រភេទកិច្ចព្រមព្រៀងដំបូងបំផុត សំដៅលើភាពជាដៃគូថ្មី រវាងចក្រភពអង់គ្លេស និងអ៊ុយក្រែន ដែលឆ្លុះបញ្ចាំង ពីក្តីស្រឡាញ់ដ៏ធំធេង រវាងប្រជាជាតិទាំងពីរ»។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសាទរចំពោះកិច្ចព្រមព្រៀង «១០០ឆ្នាំ» នេះ ហើយលោកថែមទាំងបាននិយាយ រំលេចពីក្តីសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀង ស្រដៀងគ្នានេះ ជាមួយសម្ព័ន្ធមិត្តផ្សេងៗទៀត។
លោក Zelensky បាននិយាយទៀតថា «ទំនាក់ទំនង រវាងអ៊ុយក្រែន និងចក្រភពអង់គ្លេស ឥឡូវនេះ មានភាពជិតស្និទ្ធ ជាងពេលណាៗទាំងអស់»។
ចក្រភពអង់គ្លេស គឺជាអ្នកគាំទ្រផ្នែកយោធា ដ៏ធំបំផុតមួយ របស់អ៊ុយក្រែន ដោយបានសន្យាផ្តល់ជំនួយផ្នែកយោធា និងស៊ីវិលចំនួន ១៦ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ី ឈ្លានពានអ៊ុយក្រែន។ ទីក្រុងឡុងដ៍ បានប្តេជ្ញាបន្តផ្តល់ជំនួយ ៣.៦ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ដរាបណាអ៊ុយក្រែននៅតែត្រូវការ ហើយក៏មានទាំងប្រាក់កម្ចី ប្រមាណ ២.៧ពាន់លានដុល្លារអាមេរិក ផងដែរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត