ទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយអង្គរ “Angkor Ultra Trail ២០២៥” លើកទី៨ មានអ្នកចូលរួមកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ សបញ្ជាក់ពីសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញរបស់កម្ពុជា
(ភ្នំពេញ)៖ ទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយអង្គរ “Angkor Ultra Trail” លើកទី៨ មានអត្តពលិកចូលរួមជាង ១,៨០០នាក់ មកពី ៥០ប្រទេសលើពិភពលោក ដែលបន្តកើនឡើងចំនួន ៣០០នាក់ ធៀបនឹងឆ្នាំកន្លងទៅ ។ តួលេខនៃអ្នកចូលរួមនេះ គឺជាច្រើនលើសការរំពឹងទុក ដែលមុននេះ ត្រូវគេប៉ាន់ស្មានថា មានអ្នកចូលរួមត្រឹម ១,៧០០នាក់ នោះទេ ។ ពីមួយឆ្នាំទៅមួយឆ្នាំ អត្តពលិកដែលចូលរួមព្រឹត្តិការណ៍នេះ ត្រូវគេកត់សម្គាល់ថា បានកើតឡើងជាបន្តបន្ទាប់ ខណៈកាលពីឆ្នាំ២០២៦ ដែលជាឆ្នាំដំបូងនៃការបង្កើតកម្មវិធីនេះ មានអ្នកចូលរួមតែជាង ២០០នាក់ ប៉ុណ្ណោះ ។ ចំនួននៃអ្នកចូលរួមចេះតែកើនឡើងនេះ បានបង្ហាញថា កម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ ព្រោះព្រឹត្តិការណ៍ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយអង្គរ “Angkor Ultra Trail ដែលអាចរត់ប្រណាំងកាត់ព្រៃ និងចុងកាត់មាត់ញកទាំងយប់ ដោយមិនមានក្តីបារម្ភ ។
ទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ “Angkor Ultra Trail” លើកទី៨ នៅតំបន់អង្គរ ខេត្តសៀមរាប នឹងធ្វើឡើងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៨ និង១៩ ខែមករា ឆ្នាំ២០២៥ ដែលនឹងមាន ៦វិញ្ញាសា រួមមានវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រ ។
បើតាមការបញ្ជាក់ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឲ្យដឹងថា ប្រទេសដែលមានអត្តពលិកចូលរួមច្រើនជាងគេ គឺប្រទេសបារាំង កម្ពុជា វៀតណាម ថៃ និងអាមេរិកជាដើម ដែលភាគច្រើនពួកគេទាំងនោះបានធ្វើដំណើរមកដល់ខេត្តសៀមរាប ២ ទៅ ៣ថ្ងៃ មុនព្រឹត្តិការណ៍ចាប់ផ្ដើម ។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្ដថា «ការចុះឈ្មោះរបស់អត្តពលិកជាតិ និងអន្ដរជាតិ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ “Angkor Ultra Trail” ឆ្នាំនេះ បានប្រព្រឹត្តទៅតាមការគ្រោងទុក ។ រីឯដំណើរការរៀបចំក៏ប្រព្រឹត្តទៅយ៉ាងរលូន ដោយមានកិច្ចសហការល្អពីរដ្ឋបាល និងអាជ្ញាធរខេត្តសៀមរាប ក៏ដូចជាការជួយសម្របសម្រួលពីអាជ្ញាធរអប្សរា និងគ្រឹះស្ថានអង្គរ ដែលជំរុញឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងភាគីបារាំង(ក្រុមហ៊ុន Phoenix Voyages) ដំណើរការរៀបចំនេះបានល្អប្រសើរ» ។
ព្រឹត្តិការណ៍រត់ប្រណាំងជាលក្ខណៈអន្តរជាតិនេះ ត្រូវគេបញ្ជាក់ថា នឹងរួមចំណែកសំខាន់ក្នុងការជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ផ្សព្វផ្សាយ និងលើកកម្ពស់តំបន់អង្គរបេតិកភណ្ឌពិភពលោក, ជំ រុញការផ្សព្វផ្សាយ និងទាក់ទាញទេសចរ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ និងគម្រោងមនុស្សធម៌។
នៅជាមួយគ្នានោះការមកស្នាក់នៅយូរនៃភ្ញៀវដែលមកចូលរួមកម្មវិធី គឺជាអ្វីដែលយើងចង់បាន ដែលផ្ដល់នូវអត្ថប្រយោជន៍សម្រាប់ទេសចរណ៍ សេដ្ឋកិច្ច និងជួយដល់ប្រតិបត្តិករទេសចរណ៍នៅសៀមរាបផងដែរ ។ ព្រឹត្តិការណ៍នេះ ជាចំណែកមួយដ៏សំខាន់ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យ NOCC រៀបចំនេះឡើង» ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ឯកសារ






