ប្រជាពលរដ្ឋជាអ្នកទិញបុរី WoodLand សប្បាយរីករាយជាខ្លាំង និងថ្លែងអំណរគុណរាជរដ្ឋាភិបាលដែលបានដោះស្រាយ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពួកគាត់
(ភ្នំពេញ)៖ ក្តីរំភើប និងភាពក្អាកក្អាយអស់ក្តីបារម្ភ ដែលប្រជាពលរដ្ឋទទួលបាន ជាមួយនិងការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានខិតខំដោះស្រាយ និងចេញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ពួកគាត់ ។ ការសប្បាយរីករាយជាខ្លាំងនេះ ពីសំណាក់ប្រជាពលរដ្ឋដែលជាអ្នកទិញបុរី WoodLand ក្នុងឱកាសទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។
ក្នុងឱកាសជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដោយផ្ទាល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍បញ្ជាក់ថាក្រសួង នឹងរៀបចំបណ្ណកម្មសិទ្ធិជូន មិនថាបុរី Woodland បុរី វីអាយភី បុរី MCវីឡា ឬ បុរីដទៃទៀតនោះទេ ប្រសិនបើអតិថិជនបុរីទាំងនេះបានបង់ប្រាក់គ្រប់ ១០០% ហើយនោះក្រសួងនឹងរៀបចំបំបែកក្បាលដីជូន ហើយនិងរៀបចំចាត់ចែងកិច្ចការផ្សេងៗទៀត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា ប្រសិនបើដីនោះមានតម្លៃក្រោម ៧ ម៉ឺនដុល្លារហើយមិនតម្រូវឲ្យបង់ពន្ធនោះ ក្រសួងនឹងជួយរៀបចំជូនផងដែរ ។ ចំពោះអ្នកដែលទិញផ្ទះដំបូងដែលមានតម្លៃក្រោម ២១ ម៉ឺនដុល្លារ ក៏ក្រសួងនឹងជួយរៀបចំចាត់ចែងកិច្ចការផ្សេងៗជូនដែរ ។ ចំពោះអ្នកដែលបង់ប្រាក់បាន ១០០% ប៉ុន្តែផ្ទះមិនទាន់បានសាងសង់រួចរាល់នោះ ឯកឧត្តមក៏មានបំណងចង់ឱ្យមានការសម្របសម្រួលគ្នា ដើម្បីស្វែងរកដំណោះស្រាយសមស្របទាំងអស់គ្នា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាល់ការដោះស្រាយវិវាទដីធ្លី ឬវិវាទក្នុងបុរី គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែងតែប្រកាន់យកគោលការណ៍សម្រុះសម្រួលគ្នា ដូច្នេះយើងត្រូវធ្វើការដោះស្រាយសម្របសម្រួលឱ្យអស់លទ្ធភាព ។ ចំពោះអ្នកដែលបង់ប្រាក់បានមួយចំនួន គឺត្រូវមានជម្រើសដល់អតិថិជនថាគួរបន្តបង់ប្រាក់ទៀត ដោយរួមគ្នារកក្រុមជាងមកសាងសង់បន្តឬយ៉ាងណា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញថាការទិញលំនៅឋាន គឺជាការចំណាយប្រាក់កាសជាញើសឈាមរបស់ប្រជាពលរដ្ឋដែលជាអតិថិជនបុរី ដោយពួកគាត់មិនចង់បានអ្វីក្រៅពីលំនៅឋានសម្រាប់រស់នៅ ម្ហូបអាហារហូបចុកគ្រប់គ្រាន់ កូនៗបានសិក្សារៀនសូត្រមានការងារធ្វើមានប្រាក់ចំណូល និងជាលំនៅឋានរស់នៅប្រកបដោយសុភមង្គលនោះទេ ដូច្នេះប្រជាពលរដ្ឋជាអតិថិជនបុរីទាំងអស់ត្រូវមានការឯកភាពគ្នានិងសហការទទួលយកការដោះស្រាយសម្របសម្រួលពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីទទួលបានគោលនយោបាយដោះស្រាយសមស្រប និងអាចទទួលយកបានទាំងអស់គ្នា ៕
ដោយ / គ្រី សម្បត្តិ