សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចាត់មន្ត្រីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាព លោក ពៅ ណេពីន អ្នកឯកទេសបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់(CMAC)ប្រចាំទិសឧត្តរមានជ័យ
(បន្ទាយមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានចាត់តាំងឱ្យ ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរងទី២ និងសហការី ព្រមទាំងមានការចូលរួមពីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោក ចៅ ពៅ និងលោកស្រី សែម ជំនោរ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក ពៅ ណេពីន អ្នកឯកទេសបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់(CMAC)ប្រចាំទិសឧត្តរមានជ័យ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៧ម៉៤៥នាទី ដោយឧបទ្ទវហេតុផ្ទុះមីនតោន នៅខេត្តឧត្តរមានជ័យ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរងទី២ បានប្រគល់ជូនក្រុមគ្រួសារសពនូវសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានខ្លឹមសារថា ៖ «មរណភាពរបស់ លោក ពៅ ណេពីន គឺជាការបាត់បង់កូន កូនប្រសារ ឧត្តមស្វាមី ញាតិមិត្ត និងជាពលរដ្ឋដ៏ល្អមួយរូបរបស់សង្គមជាតិ ជាទីស្រឡាញ់រាប់អាន ដែលព្រហ្មវិហារធម៌ ចរិយាធម៌ និងគុណធម៌ដ៏ល្អប្រពៃថ្លៃថ្លា នេះជាការបាត់បង់វីរយុទ្ធជនរបស់អង្គភាពសស៊ីម៉ាក់ (CMAC) ប្រចាំទិសឧត្តរមានជ័យមួយរូប ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយសេចក្តីមោះមុត អង់អាចក្លាហាន រហូតពលីជីវិត ក្នុងបុព្វហេតុសេចក្តីសុខក្សេមក្សាន្តរបស់ប្រទេសជាតិ មាតុភូមិ ក្រោមម្លប់សន្តិភាពពេញបរិបូរណ៍។ ទោះបីរូបកាយរបស់ លោក ពៅ ណេពីន បានលាចាកទៅមែនពិត ប៉ុន្តែអំពើជាកុសល សេចក្តីថ្លៃថ្នូរ គុណធម៌ នឹងស្ថិតនៅក្នុងក្តីចងចាំរបស់ លោក លោកស្រី និងក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ ញាតិសន្តានទាំងអស់ ជានិច្ចនិរន្តរ៍។»
កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ពៅ ណេពីន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ / គ្រី សម្បត្តិ