រុស្ស៊ី-អ៊ីរ៉ង់ចុះសន្ធិសញ្ញាពង្រឹងទំនាក់ទំនងយោធានិងពាណិជ្ជកម្ម
បរទេស ៖ រុស្ស៊ី និងអ៊ីរ៉ង់បានចុះហត្ថលេខា លើសន្ធិសញ្ញាថ្មីមួយ កាលពីថ្ងៃសុក្រ ដោយសង្កត់ធ្ងន់ លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធា របស់ពួកគេ នៅក្នុងអ្វីដែលភាគីទាំងពីរចាត់ទុកថា ជាព្រឹត្តិការណ៍ ដ៏សំខាន់ នៅក្នុងទំនាក់ទំនង ប្រទេសទាំងពីរ។
ទីក្រុងមូស្គូចាត់ទុក សាធារណរដ្ឋឥស្លាមមួយនេះ ជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ ចាប់តាំងពីមានសង្គ្រាម ជាមួយប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយការណ៍នេះ ធ្វើឱ្យលោកខាងលិចព្រួយបារម្ភ ដែលមើលឃើញថា ប្រទេសទាំងពីរជាតួអង្គអាក្រក់ នៅលើឆាកពិភពលោក។
ភាគីទាំងពីរបានយល់ព្រមជួយគ្នាទៅវិញទៅមក ប្រឆាំងនឹង «ការគំរាមកំហែងសន្តិសុខ» ទូទៅ នេះបើយោងតាមច្បាប់ចម្លង នៃ កតិកាសញ្ញាថ្មី ដែលត្រូវបានបង្ហាញ ដោយវិមានក្រឹមឡាំង។ ប៉ុន្តែ ពុំមានការចែង ពីការការពារ ទៅវិញទៅមក ដូចជា កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា រវាងរុស្ស៊ី និងកូរ៉េខាងជើង កាលពីឆ្នាំមុន នោះទេ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយគ្នា នៅវិមានក្រឹមឡាំង បានសាទរចំពោះកិច្ចព្រមព្រៀងនេះថា ជាជំពូកថ្មីនៃទំនាក់ទំនង រុស្ស៊ី-អ៊ីរ៉ង់។
លោក ពូទីន បាននិយាយថា «នេះជាលក្ខខណ្ឌចាំបាច់ សម្រាប់ការអភិវឌ្ឍ ប្រកបដោយស្ថិរភាព និងនិរន្តរភាព នៃប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ និងតំបន់ អឺរ៉ាស៊ី ទាំងមូល របស់យើង»
លោក Masoud បាននិយាយថា កតិកាសញ្ញានេះនឹង «បើកទំព័រថ្មី ក្នុងទំនាក់ទំនងរវាងអ៊ីរ៉ង់ និងរុស្ស៊ី លើគ្រប់វិស័យ ជាពិសេស ក្នុងវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត