អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យការសាងសង់មណ្ឌលសុខភាពពាមកោះស្នា ជាមួយការរំលឹកមួយចំនួន
កំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានណែនាំដល់មន្រ្តីនៃមន្ទីរ សុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវរៀបចំធ្វើយ៉ាងណាឱ្យមណ្ឌលសុខភាពពាមកោះស្នា មានបុគ្គលិកបម្រើសេវាសុខាភិបាលឱ្យត្រូវតាមស្តង់ដារដោយ មិនអាចខ្វះខាតបានដេីម្បីធានាថាមណ្ឌលសុខភាពបានផ្តល់សេវាប្រកបដោយគុណភាព និង ទាន់ពេលវេលាជូនប្រជាពលរដ្ឋ ។ ការថ្លែងបែបនេះក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មណ្ឌលសុខភាពពាមកោះស្នា ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានណែនាំដល់ មន្ត្រីពាក់ព័ន្ធក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវរួមសហការគ្នាដេីម្បីត្រៀម រៀបចំប្រារព្ធពិធី សម្ពោធនូវអគារថ្មី និងសមិទ្ធផលនានានៃមណ្ឌលសុខភាពពាមកោះស្នា ពោលគឺត្រូវ ធ្វើយ៉ាងណាឱ្យកម្មវិធីខាងលើនេះប្រព្រឹត្តទៅដោយរលូន ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ។មណ្ឌលសុខភាព ពាមកោះស្នា គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ នៅក្នុងចុង ខែ មីនា ២០២៥ ខាងមុខ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅគ្រប់មូលដ្ឋាន សំដៅលើកកម្ពស់សុខុមាលភាពសង្គម និងការលើកកម្ពស់ការផ្តល់សេវា ប្រកបដោយប្រសិទ្ធភាព ពោលគឺ ត្រូវ ខិតខំប្រឹងប្រែងបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយការយកចិត្តទុកដាក់ផងដែរ ។
លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម បានឱ្យដឹងថាអគារថ្មី និងសមិទ្ធផល នានានៃមណ្ឌលសុខភាព ពាមកោះស្នានេះជាអំណោយ របស់លោកជំទាវ លាង រួចឆេង ហ៊ុនណេង ព្រមទាំងបុត្រ និងចៅ ។អគារមាន ៨បន្ទប់ ក្នុងនោះ មាន បន្ទប់ ទឹក និង បង្គន់ អនាម័យ ចំនួន ៥បន្ទប់ និងបន្ទប់ដាច់ដោយឡែក ចំនួន ២បន្ទប់ តូបលំហែកាយ ចំនួន ១រោង ដាក់រថយន្ត និងម៉ូតូ ១កន្លែង និងឃ្លាំង ដាក់ សម្ភារៈ ១បន្ទប់ ដែលបាន សាងសង់រួចរាល់ ជាស្ថាពរក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ ៕ ដោយៈ លី ពៅ