ពិធីបើកប្រធានវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង នៅវត្តកំពង់ធំ

កំពង់ធំ៖ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកប្រធានវិញ្ញាសា ប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង ស្ថិតនៅវត្តឥន្រ្ទីយ៍សំវរៈ (ហៅវត្តកំពង់ធំ) សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ សម្រាប់សម័យប្រឡងថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ ២០២៥ (ពុទ្ធសករាជ ២៥៦៨)។

ក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន បានលើកទឹកចិត្តដល់បេក្ខសមណសិស្ស-សិស្សទាំងអស់ឱ្យប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជាប់ការប្រឡង។ ឯកឧត្តមក៏បានលើកឡើងអំពីសារៈសំខាន់នៃការគោរពបទប្បញ្ញត្តិ និងបទបញ្ជានៃការប្រឡង ដោយបង្កាន់ដៃលើគោលការណ៍មិនលួចចម្លង មិនមើលគ្នា មិនពិភាក្សាគ្នា មិនត្រូវប្រើសញ្ញាសម្គាល់លើក្រដាសវិញ្ញាសា និងមិនអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច។

លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ បានអោយដឹងថា សមាសភាពបេក្ខសមណសិស្ស-សិស្សសរុបចំនួន ៣១៤អង្គ/នាក់។ ក្នុងនោះមានគ្រហស្ថចំនួន ១៥នាក់ (ប្រុស ៥នាក់ ស្រី ១០នាក់)។ ការប្រឡងត្រូវបានចែកចេញជាបន្ទប់ ១៣បន្ទប់ ៕
ដោយ ៖​ ប៊ុន រដ្ឋា

ads banner