ពិធីប្រកាសតែងតាំង និងសំណេះសំណាលសមាសភាពក្រុមការងារសង្កាត់សាលាកំរើក
សៀមរាប ៖ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៥ឯកឧត្តម ទៀ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសៀមរាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើក បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើក នៃក្រុងសៀមរាប ខេត្តសៀមរាប។
ពិធីនេះបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។ ក្នុងពិធីនេះលោក សាម ឡន ប្រធានគណបក្សសង្កាត់សាលាកំរើក បានអានរបាយការណ៍សង្ខេប អំពីសកម្មភាពការងាររបស់ក្រុមការងារនិងសេចក្ដីសម្រេចស្តីពីការតែងតាំងបន្ថែមសមាសភាពថ្មី។
ឯកឧត្តម ទៀ សុខា បានសំដែងនូវការអបអរសាទរចំពោះសមាសភាពក្រុមការងារថ្មី និងលើកឡើងអំពីសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងជីវភាពប្រជាពលរដ្ឋដែលត្រូវបានរក្សាបានយ៉ាងរឹងមាំក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ និងទី៧។
គោលដៅនៃការតែងតាំងក្រុមការងារថ្មី គឺដើម្បីបន្តការងារដែលផ្តោតលើការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងបំពេញតម្រូវការជាក់ស្ដែងរបស់សហគមន៍។ ឯកឧត្តមក៏បានណែនាំឲ្យក្រុមការងារថ្មីប្រកាន់ខ្ជាប់ការសហការជាមួយក្រុមការងារចាស់ ដើម្បីធានាថាការងារអភិវឌ្ឍន៍មូលដ្ឋានដំណើរការបានប្រកបដោយប្រសិទ្ធភាព និងឆន្ទៈខ្ពស់៕
ដោយ ៖ ប៊ុន រដ្ឋា







