កសិករថៃប្រែក្លាយដីស្រែ២អា ទៅជាសិល្បៈរូបសត្វដ៏ធំ

បរទេស ៖ ម្ចាស់ដីស្រែមួយកន្លែង នៅភាគខាងជើង ប្រទេសថៃ បានចំណាយពេលជាង១ខែ និងថវិកា ចំនួន ១៤,៥០០ដុល្លារអាមេរិក ប្រែក្លាយដីទំហំ ២អា ទៅជាសិល្បៈរូបភាពសត្វនាគ និងឆ្មាដ៏ធំ ដោយគេអះអាងថា ជានិមិត្តសញ្ញានៃក្តីសង្ឃឹម និងភាពធន់ បន្ទាប់ពីសហគមន៍របស់ខ្លួន បានធូរស្រាលឡើងវិញ ពីគ្រោះទឹកជំនន់។

កសិករ ឈ្មោះ Tanyapong Jaikham ដែលក៏ជាជាងជួសជុលរថយន្តផងនោះ បានប្រាប់ AFP ថា ឆ្មាតំណាងឱ្យអ្នកស្រុក នៅខេត្តឈៀងរ៉ៃ ដែលជាស្រុកកំណើតរបស់លោក ដែលជាតំបន់បានប្រឈមនឹងទឹកជំនន់ ដ៏បំផ្លិចបំផ្លាញ កាលពីឆ្នាំ២០២៤។ រីឯ «នាគ» ជានិមិត្តសញ្ញា ការពារសត្វឆ្មា។ ប្រភពបានឲ្យដឹងទៀតថា «សិល្បៈនេះ» ត្រូវបានបើកឲ្យទស្សនា ជាសាធារណៈ កាលពីចុងខែធ្នូ ប៉ុន្តែ មិនទាន់រួចរាល់ សម្រាប់អ្នកទស្សនា ក្នុងចំនួនច្រើន នៅឡើយទេ។

ប្រភពបានអះអាងទៀតថា ដើម្បីបង្កើតការរចនាបទនេះឡើង មានការប្រើប្រាស់ បច្ចេកវិទ្យា AI និង រូបភាពផ្កាយរណប ដោយមានដើមស្រូវ ជាចំណុចគោល។ សិល្បៈនេះ ទាមទារឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះព័ត៌មានលម្អិត ដូច្នេះ ត្រូវតែប្រុងប្រយ័ត្ន ប៉ុន្តែ ដោយមានជំនួយ ពីបច្ចេកវិទ្យាសព្វថ្ងៃ កាន់តែងាយស្រួលជាងមុន។

យ៉ាងណាមិញ សម្រាប់ការងារបង្កើតសិល្បៈគួរឲ្យទាក់ទាញនេះ មានការចូលរួមសហការពីមនុស្ស ២០ នាក់ផ្សេងទៀត រួមទាំង មិត្តភក្តិ និង ក្រុមគ្រួសា របស់កសិករររូបនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner