ស្រូវ១ ០០០តោន ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារចុះប្រមូលទិញពីប្រជាកសិករ ក្នុងស្រុកមោងឫស្សី
បាត់ដំបង៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារសន្តិភាពបានដឹកនាំក្រុមការងារ និងវត្តមានឧកញ៉ា ខេមរៈ សិរីមន្ត បានចុះជួយទិញស្រូវដោយផ្ទាល់ពីប្រជាកសិករ ក្នុងឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយមានការជួយសម្របសម្រួលពី លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង អាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋាន។

នៅឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបងកាលពីថ្ងៃទី១៧ ខែមករា ក្នុងពេលប្រមូលទិញស្រូវដោយផ្ទាល់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រាប់ដល់ប្រជាកសិករនៅទីនោះថា សកម្មភាពនេះដើម្បីរួមចំណែកជួយសម្រួលដល់ជីវភាពកសិករ ក្នុងពេលប្រមូលទិន្នផលបានហើយ ហើយជួបនឹងបញ្ហាតម្លៃ។អ្នកឧកញ៉ា បន្តថាក្រុមការងាររបស់លោកនឹងជួយប្រមូលទិញស្រូវចំនួន ១ ០០០តោន នៅទីនេះដើម្បីយកទៅកិនជាអង្ករចែកជូនដល់អ្នកខ្វះខាតវិញ។នេះគឺជាការចូលរួមចំណែកជួយដល់កសិករ ក្នុងនាមជាជនជាតិខ្មែរដូចគ្នា។

ក្នុងឱកាសនេះដែរលោក ទេព ហន អភិបាលស្រុកមោងឫស្សី បានថ្លែងអំណរគុណដល់អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដែលបានដឹកនាំក្រុមការងារចុះជួយប្រមូលទិញស្រូវប្រជាកសិករក្នុងតម្លៃដ៏សមរម្យ។

ចំណែកប្រជាកសិករដែលលក់ស្រូវជូនក្រុមការងារអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ខណៈផលស្រូវរបស់ពួកគាត់ លក់បានក្នុងតម្លៃសមរម្យ។
.
សូមជម្រាបថា ក្រុមការងាររបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចុះជួយប្រមូលទិញស្រូវពីប្រជាកសិករ ប្រភេទស្រូវ OM-5451ក្នុងតម្លៃ៨៥០រៀល ក្នុងមួយគីឡូក្រាម ជាតម្លៃមួយខ្ពស់ជាងឈ្មួញកណ្ដាលចុះទិញកន្លងមក៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.







