លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការរថយន្តអគ្គិសនីទំនើបម៉ាក AION V និង HYPTEC HT

ភ្នំពេញ៖នៅផ្សារទំនើបអ៊ីអន សែនសុខ រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃសៅរ៍​ទី១៨ ខែមករា ឆ្នាំ២០២៥លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការរថយន្តអគ្គិសនីទំនើបម៉ាក AION V និង HYPTEC HT របស់ក្រុមហ៊ុន H.H AUTO PRESTIGE CO., LTD ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹក​នាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រុមហ៊ុន AION CAMBODIA និង AION Global ព្រមទាំងភ្ញៀ​វកិត្តិយសជាតិ និង​អន្តរជាតិ​ជាច្រើនរូប។

ក្នុងឱកាសនេះលោកជំទាវរដ្ឋមន្ត្រី បានសាទរដល់ក្រុមហ៊ុន H.H AUTO PRESTIGE CO., LTD ចំពោះភាពរីកចម្រើន និងការបោះជំហានចូល​ក្នុងទីផ្សាររថយន្តអគ្គិសនី​ ដែលជាជំហានថ្មីដ៏សំខាន់ក្នុងវិស័យយានយន្ត​អគ្គិសនីនៅកម្ពុជា ហើយជា​ការដើរទាន់សភាពការណ៍ តាមតម្រូវការទីផ្សារ និងការអភិវឌ្ឍសេដ្ឋកិច្ច-ពាណិជ្ជកម្មកម្ពុជា ស្របតាមនិន្នាការ​តំបន់និង​សកលលោក ផងដែរ។

លោកជំទាវរដ្ឋមន្ត្រី បានកត់សម្គាល់អំពីសន្ទុះកើនឡើងនៃការប្រើប្រាស់ និងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីទាំងក្នុង​តំបន់​និងសកលលោក ដែលវិស័យនេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន តាមរយៈការបង្កើត​ការងារសម្រាប់ពលរដ្ឋ និងផ្តល់តម្លៃបន្ថែមក្នុងសេដ្ឋកិច្ច, ការការពារបរិស្ថាន និងសុខភាពប្រជាជនតាមរយៈការកាត់បន្ថយការ​បញ្ចេញឧស្ម័ន​ពុលជំនួស​ឱ្យការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ, និងការចូលរួមធានាសន្តិសុខ​ថាមពលតាមរយៈ​ការកាត់​បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ទនៈ​ពីបរទេស ព្រមទាំងភាពងាយរងគ្រោះបណ្ដាលមកពីការប្រែប្រួលនៃថ្លៃប្រេង​ឥន្ទនៈសកល។

លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់វិស័យឯកជន និងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ជាពិសេសក្រុមហ៊ុនវិនិយោគ ធុរកិច្ច សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងតួអង្គពាក់ព័ន្ធដទៃទៀត ដែលពិត​ជាមិនអាច​ខ្វះបានក្នុងការចូលរួមអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តនានារបស់រាជដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈ​ពេលវែងប្រកបដោយអព្យាក្រឹតកាបូន (Cambodia’s Long-Term Strategy for Carbon Neutrality – LTS4CN) និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ សំដៅរុញច្រានកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់វិស័យឯកជន ក្រុមហ៊ុនវិនិយោគ ធុរកិច្ច សហគ្រាសធុនតូចនិងមធ្យម ព្រមទាំង​តួអង្គពាក់ព័ន្ធទាំងអស់ ឱ្យចាប់យកឱកាសនេះ ដើម្បីចូលរួមវិនិយោគ និងអភិវឌ្ឍបន្ថែម លើផ្នែកនិងសេវាសក្តានុពល ពាក់ព័ន្ធជាច្រើនទៀត រួមមាន៖ (១). ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ (២). ការផ្គត់ផ្គង់ថាមពលអគ្គិសនី​ដោយថាមពលកកើតទ្បើងវិញ (៣). ការធានាបាននូវស្តង់ដារគុណភាព និងការធានាបាននូវសេវាថែទាំ ជួសជុល និងសេវាពាក់ព័ន្ធដទៃទៀត (៤). ការការពារបរិស្ថាន (៥). ការអភិវឌ្ឍជំនាញក្នុងវិស័យយានយន្តអគ្គិសនី (៦). ការបង្កើតនូវមូលដ្ឋានផ្គត់ផ្គង់គ្រឿងបង្គុំ/គ្រឿងបន្លាស់ដែលមានគុណភាព និងតម្លៃសមរម្យ ក្នុងស្រុកសម្រាប់ផ្គត់ផ្គង់​តម្រូវការ ស្របតាមការនិន្នាការកើនទ្បើងនៃការប្រើបាស់រថយន្តអគ្គិសនី, និង (៧). ការគិតគូរដល់ការវិនិយោគលើ​រោងចក្រ​​ដំទ្បើង​យានយន្តអគ្គិសនីនៅកម្ពុជា៕
ដោយ៖ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner