ក្រុមអ្នកអភិរក្សប្រទះឃើញកូនក្រពើភ្នំ២ក្បាល នៅទន្លេស្រែពក

ភ្នំពេញ៖អង្គការ WWF-កម្ពុជាបានប្រកាសឱ្យដឹងនៅល្ងាចថ្ងៃចន្ទទី២០ ខែមករា ឆ្នាំ២០២៥នេះថា ក្រុមការងារត្រួតពិនិត្យ និងតាមដានរបស់អង្គការ WWF-កម្ពុជា បានប្រទះឃើញកូនក្រពើភ្នំ២ក្បាល នៅទន្លេស្រែពកក្នុងអំឡុងពេល​នៃដំណើរ​ចុះល្បាតរយៈ​ពេលប្រាំថ្ងៃទៅកាន់ទន្លេស្រែពកនៃខេត្តរតនគិរី​និងនៅតាមដង​ទន្លេនេះ ។

លើបណ្ដាញសង្គមផ្លូវការ អង្គការ WWF-កម្ពុជាបានគូសបញ្ជាក់ថាក្រុមការងារ​យើងបានប្រទះឃើញកូនក្រពើភ្នំចំនួនពីរ​ក្បាល ដែលនេះជាការរកឃើញដ៏កម្រ​នៃ​ប្រភេទសត្វ​ល្មូនដែលជិតផុតពូជ។ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះ​របស់​​យើងប៉ាន់ស្មានថា ក្រពើទាំងនេះមានអាយុពី ៥ ទៅ ៦ ខែ។

ប្រភពដដែលបន្ថែមថា តំបន់នេះក៏ធ្លាប់ជាកន្លែងដែលក្រុមការងារត្រួតពិនិត្យ និងតាមដានរបស់អង្គការ WWF-កម្ពុជា​ធ្លាប់ប្រទះឃើញពួកវាកាល​ពីឆ្នាំមុន ហើយកិច្ចការស្រាវជ្រាវ​នេះប្រព្រឹត្តទៅក្នុងគោលបំណងតាមដានពី​របៀបដែល​សត្វ​ក្រពើកំពុងរស់នៅ ក៏ដូចជាពង និងញាស់កូនថ្មី ដែលនេះបានបង្ហាញពីការ​យក​ចិត្តទុកដាក់របស់យើងជាខ្លាំង​ក្នុង​កិច្ចការ​ល្បាត ព្រមទាំងការដក​ហូត​ឧបករណ៍​​នេសាទខុសច្បាប់នានាជាដើមពីដំបន់នេះ។

អង្គការ WWF-កម្ពុជាបន្តថា តាមរយៈការងារអភិរក្សប្រកបដោយភាព​ជោគជ័យ​នាពេលនេះអាចសម្រេចទៅបានក៏ដោយ​សារមាន​ការចូលរួមពីមន្ត្រី​ឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្ត ក្រុមស្រាវជ្រាវសហគមន៍ និងតំណាង​សហគមន៍​តំបន់ការពារ​ផងដែរ ។

សូមជម្រាបថា អ្នកជំនាញបានអធិប្បាយថាក្រពើភ្នំ​បានដើរតួនាទីសំខាន់​​ក្នុងប្រព័ន្ធអេកូឡូស៊ី ។នៅកម្ពុជា​ ឧទ្យានជាតិ​ជួរភ្នំ​ក្រវាញក៏ជាទីជម្រក​ធម្មជាតិមានសុវត្ថិភាព និងសមស្របសម្រាប់​ការរស់នៅរបស់​ប្រភេទ​សត្វដ៏កម្រនេះផងដែរ។

​ក្រពើភ្នំជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពី​ធម្មជាតិ។ សត្វក្រពើភ្នំមានចំនួនប្រមាណជាង ១ ០០០ក្បាលប៉ុណ្ណោះ​នៅលើពិភពលោក ។កម្ពុជាត្រូវបានគេចាត់ទុកថាមានវត្តមាន​សត្វក្រពើ​ភ្នំច្រើនជាង​គេដែល​ប្រមាណជាង ៣០០ក្បាលកំពុងរស់នៅ និងស្ថិតក្រោម​ការឃ្លាំមើល និងការពារដោយក្រុមអ្នកជំនាញ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner