ថៃណែនាំពលរដ្ឋ ឲ្យធ្វើការពីផ្ទះ ព្រោះការបំពុលខ្យល់

បរទេស៖ នៅថ្ងៃចន្ទនេះ រដ្ឋបាលក្រុងបាងកក នៃប្រទេសថៃ បានចេញសេចក្តីណែនាំ ជាសាធារណៈ ជំរុញឱ្យប្រជាពលរដ្ឋ ធ្វើការពីផ្ទះ រហូតដល់ថ្ងៃអង្គារ ដោយសារកម្រិតបំពុល នៃ កំហាប់ភាគល្អិតនិចល PM2.5 ឬ ការបំពុលខ្យល់ត្រូវបានគេបារម្ភថា នឹងឈានដល់កម្រិតមិនល្អខ្លាំង មានកម្រិតទូទាំងក្រុងបាងកក។

អ្នកនាំពាក្យ រដ្ឋបាលក្រុងបាងកក លោក Ekwaranyu Amrapal បាននិយាយថា គោលការណ៍ណែនាំនេះ មានគោលបំណងឆ្លើយតបលឿនជាងមុន ចំពោះឧប្បត្តិហេតុ នៃការបំពុល នេះបើតាមកាសែត The Nation ។

លោកបន្ថែមថា ការព្យាករណ៍បច្ចុប្បន្នបាន កំណត់តំបន់ចំនួនជាង៣៥ខណ្ឌ ដែលទំនងជាជួបប្រទះនឹងគុណភាពខ្យល់ ដែលមានគ្រោះថ្នាក់ខ្លាំង តាំងពីថ្ងៃទី១១ ខែមករា មកម្ល៉េះ។

យ៉ាងណាមិញ លោកបានប្រាប់ថា អ្នកដែលមិនអាចធ្វើការពីផ្ទះបាន ត្រូវបានគេណែនាំ អោយមានការប្រុងប្រយ័ត្ន ជាពិសេស ក្រុមដែលងាយរងគ្រោះ ដូចជា កុមារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងបុគ្គល ដែលមានជំងឺរ៉ាំរ៉ៃ ជាដើម។

រដ្ឋបាលក្រុងបាងកក បានជំរុញឱ្យប្រជាជនបាងកក ពាក់ម៉ាស ពេលចេញពីផ្ទះ និងជៀសវាងការស្នាក់នៅ ខាងក្រៅ រយៈពេលយូរ។ រដ្ឋបាលក៏បានផ្តល់អនុសាសន៍ដល់អ្នករស់នៅក្នុងទីក្រុង ឱ្យកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ហើយត្រូវដាំដើមឈើនៅផ្ទះ ដែលនឹងបម្រើដល់ការស្រូបយកជាតិពុល។ ប្រជាជនក៏អាចតាមដានគុណភាពខ្យល់ នៅលើកម្មវិធី App និងគេហទំព័ររបស់ AirBKK ផងដែរ។

រដ្ឋបាលក្រុងបាងកក បានឲ្យដឹងដែរថា ប្រសិនបើប្រជាពលរដ្ឋណា ដែលមានរោគសញ្ញាដូចជា ក្អក រមាស់ភ្នែក ឬ មានបញ្ហាក្នុងការដកដង្ហើម សូមទៅជួបគ្រូពេទ្យ បន្ទាន់។
កំហាប់ភាគល្អិតនិចល PM2.5 អាចបណ្តាលឲ្យមានជំងឺ ទាក់ទងនឹងបញ្ហាបេះដូង និងសួត។ ប្រភពសំខាន់នៃ PM2.5 គឺកើតចេញពីរោងចក្រ, ភ្លើងឆេះព្រៃ និង ដុតសំណល់ នៃការប្រមូលផល ជាដើម នេះបើតាម កាសែត The Nation ដដែល៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner