ឯកឧត្តម ហែម វណ្ណឌី ៖ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅភ្នំពេញ មានរាប់លាន​នាក់ ដែល ត្រូវរៀបចំជាថ្នាលឌីជីថល ដោយមិនតម្រូវឱ្យបង់ថ្លៃសេវា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលក្នុងអណត្តិទី៧ បានដាក់ចេញនូវការចុះឈ្មោះ​របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីទី១៦ ខែធ្នូ ឆ្នាំ២០២៤។ អ្នកសេដ្ឋ​កិច្ចក្រៅប្រព័ន្ធនៅភ្នំពេញមានរហូតរាប់លាននាក់ ដែលទាមទារឱ្យ​យើងរៀប​ចំឱ្យមានការជួបជុំថ្ងៃនេះ ដើម្បីរៀបជាថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ដោយមិនតម្រូវឱ្យបង់ថ្លៃសេវា ។ កន្លងមកបងប្អូនជាម្ចាស់​អាជីវកម្ម​អាចចុះឈ្មោះបាននៅតែ ច្រកចេញ ចូលតែមួយ។ តែសម្រាប់​ពេលនេះបងប្អូនអាចចុះឈ្មោះបានតាមប្រព័ន្ធឌីជីថល ពោលគឺប្រើ​តែអត្តសញ្ញាណប័ណ្ណ និង រូបថត គឺរួចជាស្រេច ។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានអញ្ជើញជា​អធិប​តីភាព ក្នុងយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះ​អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ នៅដឹហ្គ្រេន ធីរេស “The Grand Terrace” ខណ្ឌទួលគោក ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថាយុ ទ្ធនាការ​ចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ បានចាប់ផ្តើមមុនគេនៅរាជធានី​ភ្នំពេញ ក្នុងគោលបំណងផ្សព្វផ្សាយលើកទឹកចិត្តដល់បងប្អូនអ្នកប្រកបមុខរបរសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឱ្យចូលរួមចុះឈ្មោះក្នុងថ្នាលឌីជីថល ឱ្យកាន់តែច្រើនដើម្បី​អនាគត់មុខរបរការងារនិងប្រាក់ចំណូលគ្រួសារពួកគាត់ កាន់តែរីកចម្រើន ។

ឯកឧត្តម ឃួង ស្រេង បន្តថា៖ ការចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ធ្វើឱ្យពួកគេទទួលបានព័ត៌មានទូលំទូលាយ ពីអត្ថប្រយោជន៍​នៃការចុះ​ឈ្នោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ហើយការចុះឈ្មោះនេះធ្វើឡើងដោយ​ផ្អែកលើគោលការណ៍ស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំឡើយ ។ ឯកឧត្ដម ជំរុញ​ឱ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បង្កលក្ខណៈងាយស្រួល គាំទ្រដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា៖ ការចុះឈ្មោះនេះគឺអាចបញ្ជាក់ពីអត្ត​សញ្ញាណអាជីវកម្មច្បាស់លាស់ដែលអាចយកប្រើការផ្សេងៗបាន ព្រមទាំង​ផ្តល់​ប្រយោជន៍លើការបណ្តុះបណ្តាលជំនាញថែមទៀតផងដែរ ។ ក្រោយចុះ​ឈ្មោះ និង ទទួលការអនុម័តនៅលើថ្នាលឌីជីថលនេះហើយ អ្នកសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ នឹងទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលស្គាល់តួនាទី និងការរួមចំណែករបស់បងប្អូនដល់សេដ្ឋកិច្ចជាតិ។ វិញ្ញាបនបត្រនេះបញ្ជាក់អត្តសញ្ញាណ សម្រាប់មុខរបរ អាជីវកម្ម និងការងារ​របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការទទួលស្គាល់ពីគ្រប់ ក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

ឯកឧត្តម ហែម វណ្ណឌី មានប្រសាន៍ថា សំរាប់ការចុះដោយប្រព័ន្ធឌីជីថលនេះ បងប្អូនអាចបង្កើតដោយខ្លួនឯង ឬជាមួយភ្នាក់ងារដែលមាននៅទូទាំង​ប្រទេស ឬក៏ទៅរកសេវានេះ នៅធនាគារចំនួន៥ គេនឹងបំពេញការងារចុះ​ឈ្មោះនេះ​ឱ្យដោយមិនយកប្រាក់ ជាមួយនឹងការប្រើប្រាស់ពេលវេលា នៃការចុះឈ្មោះប្រមាណ ១០នាទីប៉ុណ្ណោះ ។

ឯកឧត្តម ហែម វណ្ណឌី បន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ហើយ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលមានផលរបរ (ចំណូល) ក្រោម ២៥០លានរៀល ឬប្រហាក់ប្រហែល ៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ, មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធឡើយ ។ នេះជាការគិតគូរបស់រាជ​រដ្ឋាភិបាលចំពោះសុខទុក្ខអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថា គ្មានការ​ចំណាយ​មិនចាំបាច់ណាមួយដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបង់​ចូល​រដ្ឋ​ឡើយ ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner