មន្រ្តីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ស្រាយបំភ្លឺជុំវិញករណីភ្ញាក់ផ្អើលក្រោយប្រទះឃើញក្រពើងាប់ច្រើនក្បាលអណ្តែតទឹកក្នុងស្ទឹងសង្កែ
(ភ្នំពេញ)៖ ភាពភ្ញាក់ផ្អើលនៃពលរដ្ឋខេត្តបាត់ដំបងដោយសារការប្រទះឃើញក្រពើងាប់អណ្តែតទឹកក្នុងស្ទឹងសង្កែជាច្រើនក្បាល ត្រូវបានមន្រ្តីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រញ៉ាប់បកស្រាយបំភ្លឺតបវិញ ។ សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅក្នុងស្ទឹងសង្កែ ខេត្តបាត់ដំបង ត្រង់ចំណុចចំណតទូកដរមុខវត្តក្តាំងងារ ភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ មានករណីភ្ញាក់ផ្អើលមួយ ដោយប្រជាពលរដ្ឋបានប្រទះឃើញក្រពើជាច្រើនក្បាលបានងាប់ហើមពោះអណ្តែតក្នុងទឹកស្ទឹង ។ ក្រោយឃើញករណីនោះ ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងបានមានក្តីបារម្ភពីវត្តមាននៃសត្វក្រពើនៅក្នុងស្ទឹងសង្កែ ដែលមានពលរដ្ឋជាច្រើនគ្រួសាររស់នៅអមសងខាងនៃស្ទឹងនោះ។ នៅជាមួយគ្នានោះដែរប្រជាពលរដ្ឋខ្លះដែលមានជំនឿ បានសំដែងក្តីបារម្ភ និងជឿថា ករណីមានសត្វក្រពើស្ទឹងងាប់ជាច្រើនក្បាលនៅដើមឆ្នាំបែបនេះ អាចជាប្រផ្នូលមិនល្អឡើយ ។
នៅទន្ទឹមនឹងមានភាពភ័យបារម្ភទាំងនោះ នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង លោក ជួង សុភា បានបកស្រាយថា ក្រពើទាំងនោះមិនមែនជាក្រពើដែលរស់នៅក្នុងស្ទឹងធម្មជាតិឡើយ ប៉ុន្តែគឺជាក្រពើដែលងាប់ស្រាប់ ក្នុងកសិដ្ឋាន និងត្រូវបានគេយកមកចោលក្នុងស្ទឹងសង្កែនោះ។ លោកបានបញ្ជាក់ទៀតថា មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម បានចុះពិនិត្យជាក់ស្តែង និងសាកសួរប្រជាពលរដ្ឋដល់ទីតាំងកើតហេតុ និងបានរកឃើញថា ពិតជាមានកសត្វក្រពើចំនួន ៩ក្បាល បានងាប់អណ្តែតក្នុងទឹកស្ទឹងមកទើនៅមាត់ច្រាំងពិតប្រាកដមែន ។ ក្រពើទាំងនោះមានប្រវែងពី ១,៥០ម៉ែត្រ ទៅ១,៧០ម៉ែត្រ មានសភាពហើមរលួយ ជាហេតុមិនអាចសម្គាល់ដឹងថា ជាក្រពើញឺ រឺឈ្មោលបានឡើយ ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលមានទីលំនៅក្បែនោះ បានប្រាប់ទៅសមត្ថកិច្ចថា មានក្រពើច្រើនដល់ទៅ១៨ ទៅ២០ក្បាល ត្រូវបានជនមិនស្គាល់មុខ បានដឹកតាមរ៉ឺម៉ក យកមកចោលកក្នុងស្ទឹងកាលពីកំឡុងថ្ងៃ១៧ មករា ២០២៥ នៅវេលាម៉ោង ៧ទៅ៨ យប់ ។
ឆ្លើយតបនឹងបញ្ហាដែលកើតឡើង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវស្វែងរកម្ចាស់កសិដ្ឋានដែលយកសត្វក្រពើងាប់មកបោះចោលក្នុងស្ទឹងសង្កែ ដើម្បីអប់រំណែនាំ និងស្វែរកមូលហេតុនៃការនាំឲ្យសត្វក្រពើទាំងនោះងាប់ ។ វិធានការបន្ទាប់សមត្ថកិច្ច បានធ្វើការជីកកប់សពក្រពើទាំងនោះ នៅទីតាំងជាក់ស្តែងនោះតែម្តង ។
ក្រោយមានហេតុការណ៍នេះកើតឡើង មន្ត្រីជំនាញបានស្នើឲ្យអាជ្ញាធរមូលដ្ឋាន សូមជួយផ្សព្វផ្សាយដល់ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ត្រូវជីកដីកប់ក្រពើ ឬដុតក្រពើដែលងាប់ចោល និងមិនត្រូវយកសពក្រពើមកបោះចោលនៅតាមទីសាធារណៈឡើយ ដើម្បីបញ្ចៀសកុំឲ្យប៉ះពាល់ដល់បរិស្ថាន នឹងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅតាមដង ស្ទឹងសង្កែ ។ នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង លោក ជួង សុភា បានបញ្ជាក់បន្ថែមថា នៅក្នុងខេត្តបាត់ដំបងទាំងមូល មានកសិដ្ឋានចិញ្ចឹមក្រពើចំនួន ពី២០ ទៅ៣០កសិដ្ឋាន ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ មន្ទីរកសិកម្មខេត្តបាត់ដំបង