រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់បន្ថយ​ការ​ដាំ ពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជស្រូវក្នុងស្រុក

(ខេត្តពោធិ៍សាត់)៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយកសិករផលិត​ស្រូវ និងផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រ​មាញ់ និងនេសាទ បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាមធ្យោ​បាយដ៏សំខាន់ក្នុងការជួយដល់ប្រជាកសិករទូទាំងប្រទេស ដោយមាន​ផែន​ការ​ផលិតកម្មច្បាស់លាស់ ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានកិច្ចសន្យា​ផលិត​កម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេស​ពីក្រសួង និងមានទីផ្សារពិតប្រាកដ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់​បន្ថយ​ការដាំនូវពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជស្រូវក្នុង​ស្រុក​​ដូចជា សែនក្រអូប ផ្ការំដួល ចំប៉ីស៧០ ជាដើម ដែលមានតម្រូវការ​តាមរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងមានតម្លៃខ្ពស់ក្នុងទីផ្សារ ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មថ្មីនេះពិតជាផ្តល់ផលចំណេញ​ជាច្រើនដល់ប្រជាកសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិត ទទួលបានការ​ណែនាំ​ពីក្រសួងកសិកម្ម ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម ដឹងពី​ការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម និងមានហានិភ័យទាបពីការ​ប្រែប្រូលអាកាសធាតុ ប្រការសំខាន់ត្រូវមានការសហការរួមគ្នា គោរពវិន័យ និងច្បាប់លក្ខន្តិកៈរបស់សហគមន៍ ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា និងមាននិរន្តរភាព ។

ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្រជាកសិករអំពីបុណ្យចូលឆ្នាំប្រពៃណី​ចិន និងវៀតណាមខាងមុខនេះ ដែលអាចមានការផ្អាកប្រមូលទិញស្រូវពី​សំណាក់​ឈ្មួញវៀតណាម។ ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលដែលមាន​ក្រសួងកសិកម្ម ជាសេនាធិការលើរឿងនេះ បានសហការជាមួយវិស័យ​ឯកជន​ដូចជារោងម៉ាសុីនកិនស្រូវ ជួយអន្តរាគមន៍ដល់បងប្អូនប្រជាកសិករ​ទាំងអស់អាចលក់ផលស្រូវបាន និងទទួលបានការសង្គ្រោះទាន់ពេលវេលា ៕

ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner