កម្ពុជា និងហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការផ្ទេរបច្ចេកវិទ្យា​ឌីជីថលទៅវិញទៅមក

(សៀមរាប)៖ កម្ពុជា និងហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការផ្ទេរបច្ចេកវិទ្យាឌីជីថលទៅវិញទៅមក ដើម្បីជំរុញល្បឿន នៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល របស់ប្រទេសទាំងពីរ ។ កិច្ចសហប្រតិបត្តិការនេះ បានបង្ហាញឡើងតាមរយៈឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Ivan John E. Uy រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ស្តីពី «វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាង ក្រសួងទាំងពីរ» នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា វ៉ាន់ដេត បានជម្រាបជូនពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ រវាង ក.ប.ទ. និងក្រសួងបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន ក្នុងការផ្ទេរបច្ចេកវិទ្យាឌីជីថលទៅវិញទៅមក ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលរបស់ប្រទេសទាំងពីរ ជាពិសេស គឺ អ្នកបច្ចេកទេស នៃប្រទេសទាំងពីរ បានជួបគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធ និងធ្វើការផ្ទេរបច្ចេកវិទ្យា រវាងប្រទេសទាំងពីរនូវប្រព័ន្ធឌីជីថលចំនួន២ គឺ ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា និងកម្មវិធី eGov SuperApp របស់ ហ្វីលីពីន ដែលគ្រោងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៥នេះ។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលស្គាល់ និងអបអរសាទរ ចំពោះសាធារណរដ្ឋហ្វីលីពីន នូវវឌ្ឍនភាព និងភាពជោគជ័យ ក្នុងការដាក់ឱ្យដំណើរការកម្មវិធី eGov SupperApp ដែលជាកម្មវិធីដ៏មានសក្តានុពលមួយដោយរួមបញ្ចូលនូវសេវាសាធារណៈទាំងអស់ ដែលកំពុងផ្តល់ដោយ ក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ នៃសាធារណរដ្ឋហ្វីលីពីន និងបានគូសបញ្ជាក់អំពី ភាពខ្លាំងនៃកម្មវិធី eGov SupperApp របស់ហ្វីលីពីន ថា បច្ចេកវិទ្យា បទពិសោធ និង​លក្ខណៈពិសេសនៃកម្មវិធីនេះ នឹងរួមចំណែក យ៉ាងសំខាន់ក្នុងការ​អភិវឌ្ឍកម្មវិធី DG SupperApp របស់កម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងហ្វីលីពីន ក្នុងការផ្ទេរបច្ចេកវិទ្យា និងបទពិសោធគ្នាទៅវិញទៅមក គឺមានសារៈសំខា​ន់​ណាស់ ព្រោះនឹងធ្វើឱ្យ (១) ល្បឿននៃការធ្វើបរិវត្តកម្ម​ឌីជីថល នឹងលឿន​ជាងមុន (២) ប្រទេសទាំងពីរ មានមូលដ្ឋានកាន់តែរឹងមាំ ក្នុងសម្រេចចិត្ត​ជ្រើស​រើសបច្ចេកវិទ្យាដែលត្រឹមត្រូវ ដើម្បីយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍ​ប្រព័ន្ធ​ឌីជីថល ផ្អែកតាមការផ្លាស់ប្តូរបទពិសោធដែលប្រទេសទាំងពីរ​បានជួបប្រទះកន្លងមក ក្នុងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា និង (៣) ចំណងការទូតរវាងកម្ពុជា និងហ្វីលីពីន កាន់តែមានភាពជិតស្និត​មួយកម្រិតទៀត ។

ក្នុងសន្និសីទសារព័ត៌មាននេះ ឯកឧត្តម wan John E. Uy រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ហ្វីលីពីន បានលើកឡើងអំពីអត្ថប្រយោជន៍ ការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.ph សម្រាប់ហ្វីលីពីន ដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារនានា ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចរបស់ហ្វីលីពីន និងផ្តល់ភាពងាយស្រួលដល់ប្រជាជន ក្នុងការយកទៅប្រើប្រាស់។

ឯកឧត្តម បានបន្តថា ហ្វីលីពីន បានពិនិត្យឃើញអំពីភាពលេច​ធ្លោ​នៃថ្នាល verify.gov របស់កម្ពុជា ដែលអាចដាក់ឱ្យប្រើប្រាស់ ដើម្បីផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវនៃឯកសារ រួមមានជាអាទិ៍ អត្តសញ្ញាណបណ្ណពលរដ្ឋហ្វីលីពីន ឯកសារអត្រានុកូលដ្ឋាន ព្រមទាំងសញ្ញាបត្រ របស់សិស្ស និស្សិត នៃសាធារណរដ្ឋហ្វីលីពីន។

ឯកឧត្តមរដ្ឋមន្ត្រី Ivan John E. Uy បានបន្ថែមថា កិច្ចសហប្រតិបត្តិការទាំងនេះ ក៏បានបង្ហាញអំពីជំហរ និងការតាំងចិត្តរបស់ប្រទេសទាំងពីរ ក្នុងការធ្វើបរិវត្តកម្ម រដ្ឋាភិបាលឌីជីថលផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់អំពីជំហរ លើកិច្ចសហប្រតិបត្តិការក្នុង​ការផ្លាស់ប្តូរបទពិសោធ និងការផ្ទេរបច្ចេកវិទ្យានៃថ្នាលផ្ទៀងផ្ទាត់ឯកសារ​រាជរដ្ឋាភិបាល verify.gov របស់កម្ពុជា និងកម្មវិធី eGov SuperApp របស់ហ្វីលីពីន ជាមួយបណ្តាប្រទេស ផ្សេងទៀត ដែលចាប់អារមណ៍មកលើថ្នាលនេះ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner